រដ្ឋមន្ត្រីក្រសួងការងារ ៖ «ប្រសិនបើនៅក្នុងផ្ទះគ្មានភរិយាល្អ ម្តាយល្អ នោះបុរសក៏គ្មានឱកាសបំពេញការងារបានល្អនោះដែរ»

ចែករំលែក៖

«ប្រសិនបើនៅក្នុងផ្ទះគ្មានភរិយាល្អ ម្តាយល្អ នោះបុរសក៏គ្មានឱកាសបំពេញការងារបានល្អនោះដែរ»។ នេះការលើកឡើងពីលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ដោយឡែកលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា ៖ «ការគាំទ្រស្ត្រីមិនមែនជាបន្ទុកឬចំណាយទេ ប៉ុន្តែជាការវិនិយោគចាំបាច់និងមានតម្លៃសម្រាប់គ្រួសារនិងសង្គមជាតិខ្មែរ។ ស្រ្តីរីកចម្រើន បុរសរីកចម្រើន ជាតិរីកចម្រើន»។

រដ្ឋមន្ត្រីក្រសួងការងារ បានលើកឡើងថា ៖ ធនធានមនុស្សដែលមានគុណភាពខ្ពស់ និងមានសុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏រឹងមាំសម្រាប់ប្រទេសជាតិក្នុងការបង្កើនតម្លៃសេដ្ឋកិច្ច និងកំណើនប្រកបដោយនិរន្តរភាព។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ធនធានមនុស្សដែលមានគុណភាពខ្ពស់ និងមានសុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏រឹងមាំសម្រាប់ប្រទេសជាតិក្នុងការបង្កើនតម្លៃសេដ្ឋកិច្ច និងធានាបាននូវកំណើនប្រកបដោយនិរន្តរភាពរយៈពេលវែង។ ពោលគឺ មនុស្សជាកត្តាដ៏សំខាន់បំផុតមួយក្នុងចំណោមកត្តាសំខាន់ផ្សេងទៀត ដូចជា ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ការតភ្ជាប់រវាងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធត្រូវតែជាក្បាលម៉ាស៊ីនដ៏សំខាន់ ដើម្បីទ្រទ្រង់ការពង្រីកពាណិជ្ជកម្ម និងការអភិវឌ្ឍរយៈពេលវែង។ កម្លាំងពលកម្មប្រកបដោយជំនាញ មានភាពសមស្រប និងភាពច្នៃប្រឌិត រួមផ្សំជាមួយបណ្តាញហេដ្ឋារចនាសម្ព័ន្ធនឹងទាក់ទាញការវិនិយោគ បង្កើនភាពប្រកួតប្រជែង និងសម្រួលពាណិជ្ជកម្មក្នុងតំបន់អាស៊ាន។
លោករដ្ឋមន្ត្រី ជឿជាក់ថា ការបន្តវិនិយោគលើមនុស្សឱ្យក្លាយជាកម្លាំងជំនាញដ៏ចាំបាច់ ដោយធ្វើការរួមគ្នាដើម្បីបណ្ដុះបណ្ដាលកម្លាំងពលកម្មដែលមានជំនាញខ្ពស់ ដែលអាចដោះស្រាយបញ្ហាប្រឈមនាពេលអនាគតនឹងជំរុញឱ្យមានវិបុលភាពយូរអង្វែងសម្រាប់អាស៊ាន (សហគមន៍តែមួយ វាសនាមួយ)។

ការគូសបញ្ជាក់នូវគន្លឹះដ៏សំខាន់នេះ គឺនៅក្នុងឱកាសដែលលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ នារសៀល ថ្ងៃទី៦ ខែមីនា ២០២៥ នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមមូលបទ «ជំរុញការតភ្ជាប់អាស៊ាន៖ មនុស្ស, ហេដ្ឋារចនាសម្ព័ន្ធ, និងពាណិជ្ជកម្ម» (Accelerating ASEAN’s Connectivity: People, Infrastructure, and Trade) ដែលរៀបចំធ្វើនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា រាជធានីភ្នំពេញ ក្រោមកិច្ចសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចអាស៊ានកម្ពុជា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនោះដែរ លោក ហេង សួរ ក៏បានអញ្ជើញចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ “មូលធនមនុស្ស៖ គន្លឹះនៃការអភិវឌ្ឍពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ” “Human Capital: Key to Trade and Infrastructure Development” ដោយមានការចូលរួម ពីបណ្តាធុរជន ក្រុមហ៊ុនជាតិ និងអន្តរជាតិ ផងដែរ។

តាមរយៈវេទិកានេះបានផ្តល់នូវកាលានុវត្តភាពបន្ថែមទៀត និងវឌ្ឍនភាពជាក់ស្តែង ក្នុងសហគមន៍អាស៊ាន ប្រកបដោយភាពប្រទាក់ក្រឡា និងមានវិបុលភាព រួមនិងការស្វែងយល់បន្ថែមពីតួនាទីដ៏សំខាន់នៃការបង្កើនការតភ្ជាប់ ការលើកកម្ពស់កំណើន ប្រកបដោយចីរភាព និងបរិយាប័ន្ន ដែលជាចក្ខុវិស័យ ស្របតាមគោលដៅរបស់អាស៊ាន និង គោលនយោបាយជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print