កិត្តិសង្គហបណ្ឌិតគន់ គីម អញ្ជើញជាអធិបតីភាពកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ÷នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្ត្រីកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ស្ដីពីការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ប្រចាំឆ្នាំ២០២៤ និងទិសដៅ ដែលត្រូវអនុវត្តបន្តនៅឆ្នាំ២០២៥ ដោយបានគូសបញ្ជាក់អំពីរចនាសម្ព័ន្ធចាត់តាំងនៃការគ្រប់គ្រងអតីតយុទ្ធជនក្នុងខេត្តកំពង់ធំ និងការដោះស្រាយការលំបាកនានា ជូនបងប្អូនអតីតយុទ្ធជនបានល្អប្រសើរ និងបានគូសបញ្ជាក់អំពីការផ្ដល់ដីសម្បទានសង្គមកិច្ច និងការសាងសង់ផ្ទះថ្មី ដោយបានរៀបចំភូមិសហគមន៍អតីតយុទ្ធជននៅ ក្នុងខេត្តកំពង់ធំ ផងដែរ។

លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំថ្លែងនូវការស្វាគមន៍ចំពោះវត្តមាននាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ នៃគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងបានរាយការណ៍ជូនអំពីស្ថានភាពគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ធំ នាពេលកន្លងមក ដែលបានជួបនូវគ្រោះរាំងស្ងួតផង និងគ្រោះទឹកជំនន់ផង ដែលបណ្ដាលឲ្យប៉ះពាល់ខូចខាតដល់ផលដំណាំស្រូវរបស់ប្រជាជនមួយចំនួន ។

ទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងនូវការកោតសរសើរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់ខេត្តកំពង់ធំ រួមជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំគ្រប់គ្រងដោះស្រាយបញ្ហគ្រោះមហន្តរាយ ដែលកើតមានឡើងនៅខេត្តកំពង់ធំ បានទាន់ពេលវេលា និងបានជួយដោះស្រាយការលំបាកជូនប្រជាជន ដែលរងប៉ះពាល់ដោយគ្រោះមហន្តរាយនេះ។

នាយឧត្តមសេនីយ៍ គន់ គីម បានកោតសរសើរដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានខិតខំបំពេញភារកិច្ចបម្រើបងប្អូនអតីតយុទ្ធជនបានល្អប្រសើរ ។ ពិសេសយកចិត្តទុកដាក់ដោះស្រាយជូនបងប្អូនអតីតយុទ្ធជន ដែលជួបការលំបាកជីវភាពប្រចាំថ្ងៃ និងការសហការរៀបចំដីសម្បទានសង្គមកិច្ច និងសាងសង់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់បងប្អូនអតីតយុទ្ធជនរបស់យើងបានរស់នៅកសាងជីវភាពថ្មីក្រោមម្លប់សុខសន្តិភាព។

នាយឧត្តមសេនីយ៍ គន់ គីម ក៏បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនដល់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរួមគ្នាក្នុងការគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់ ដែលរងគ្រោះដោយគ្រោះមហន្តរាយជូនប្រជាជន និងដោះស្រាយការលំបាកផ្សេងៗ ជូនបងប្អូនអតីតយុទ្ធជននៅខេត្តកំពង់ធំ ឲ្យបានល្អប្រសើរបន្តទៀត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print