ភ្នំពេញ ៖ បន្ទាប់ពីជួបសំណេះសំណាល ជាមួយកម្មការីនីដែលជាម្តាយ ជាអាណាព្យាបាលដែលផ្ញើកូនក្នុងទារកដ្ឋាន និងសម្ភោធទារកដា្ឋនរោងចក្រ ម៉ាវ៉ល ហ្កាមិន រួចមក សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញទស្សនា ខ្សែច្រវាក់ផលិតកម្មនៅក្នុងរោងចក្រ ម៉ាវ៉ល ហ្កាមិន ដែលផ្តោតលើការងារកាត់ដេរសម្លៀកបំពាក់ និងខោអាវកីឡា និងបានផ្តល់ការងារដល់កម្មករ និយោជិត ចំនួនជិត២ម៉ឺននាក់ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ ។
ក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត មានសេចក្តីរីករាយ ដោយបានជួបសំណេះសំណាល ជា មួយបងប្អូនក្មួយៗកម្មករ ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ទារកដ្ឋានរោងចក្រកាត់ ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញ។
សម្ដេចធិបតី មានប្រសាសន៍ថា គោលការណ៍បង្កើតទារកដ្ឋាននេះ ជាគោលការណ៍មួយក្នុង ចំណោម១០ ដែលរាជរដ្ឋាភិបាលបានដាក់ចុះតាំពីដើមអាណត្តិ តាមរយៈក្រសួងការងារ ដែលជាសេនាធិការដឹកនាំរៀបចំ។ ទារកដ្ឋាននេះសម្រាប់ការមើលថែទាំកូនៗរបស់កម្មករនិយោជិត ដែលមានអាយុចាប់ពី ៣ខែ រហូតដល់អាយុ ៣ឆ្នាំ ដែលជួយសម្រួលដល់បងប្អូនកម្មករនិយោជិត ក្នុងរោងចក្រអាចយកកូនៗមកផ្ញើក្នុងទារកដ្ឋាន ដើម្បីទទួលបានការមើលថែទាំសុខភាព និង ទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់ទារក ដែលជាមូលធនមនុស្សកម្ពុជាចាប់ពីតូចទៅតែម្តង បន្ថែមពីនេះ ទារកដ្ឋាននេះ ត្រូវបានរៀបចំបង្កើតឡើងសម្រាប់ជាកន្លែងដែលផ្តល់ សេវា ថែទាំ កុមារតូចៗ ជាកូនរបស់បងប្អូនកម្មករនិយោជិតជាស្ត្រីនៅ រោងចក្រ ម៉ាវ៉ល ប្រកបដោយសុវត្ថិភាព និងធំធាត់ឡើង ដោយមានសុខភាពល្អ។
សម្ដេច បានថ្លែងថា គោលនយោបាយរបស់រដ្ឋាភិបាល បានផ្ដល់អត្ថប្រយោជន៍ដល់កម្មករ និយោជិត ចំពោះស្ត្រីមានផ្ទៃពោះ នៅពេលពិនិត្យសុខភាពទទួលបានប្រាក់ឧបត្ថម្ភ ៨ម៉ឺនរៀល ក្នុង១លើក និងត្រូវពិនិត្យផ្ទៃពោះចំនួន៤លើក មុនពេលសម្រាល, ពេលឆ្លងទន្លេ កូន១ ឧបត្ថម្ភថវិកា ៨០ម៉ឺន កូនភ្លោះ២ ឧបត្ថម្ភ១,២លានរៀល កូនភ្លោះ៣ ឧបត្ថម្ភ ១,៦លានរៀល និងកូនភ្លោះ ៣ទទួលបានការឧបត្ថម្ភពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៥លានរៀល ថែមទៀតផង៕
ដោយ ៖ សិលា