ភ្នំពេញ៖ សពស្រ្តីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងដីឡូតិ៍មួយកន្លែងដែលជាករណីឃាតកម្មត្រូវបានឃាតករវាយសម្លាប់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៥នាទីព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៥ នៅចំណុចដីឡូតិ៍ទុកចោលមួយកន្លែង ផ្លូវឧកញ៉ាឌីប៊ូ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
សពស្ត្រីរូបនោះពុំស្គាល់អត្តសញ្ញាណឡើយមានអាយុប្រមាណជា ៣០ឆ្នាំហើយតាមសម្លៀកបំពាក់គេសង្ស័យថា នារីរូបនោះជាមេការនៅភោជនីយដ្ឋានណាមួយ។នារីរូបនោះមានស្នាមចាក់សាក់រូបស្លាប និងអក្សរOun leakនៅកំភួនដៃខាងស្ដាំ, មានស្នាមចាក់សាក់រូបផ្កានៅថ្លើមដៃខាងឆ្វេង, មានស្នាមចាក់សាក់រូបក្បាច់នៅម្រាមកណ្តាលដៃខាងឆ្វេង។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថានៅវេលាព្រឹកមានអ្នកដើរហាត់ប្រាណក៏ប្រទះឃើញស្ត្រីរូបនោះដេកស្លាប់នៅក្នុងដីឡូទុកចោលមួយកន្លែងខាងលើរួចក៏ប្រាប់ដល់អ្នកដំណើរនិងរាយការទៅដល់សមត្ថកិច្ចបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។តាមសាក្សីខ្លះបានឲ្យដឹងថា នៅវេលាទៀបភ្លឺគេឃើញមានម៉ូតូកង់បីមួយគ្រឿងជិះចូលទៅក្នុងបរិវេណខាងលើនិងមានការប្រតាយវាយទៅលើស្ត្រីរងគ្រោះក្រោយមកក៏គេចបាត់ទៅតែពុំមាននរណាចាប់អារម្មណ៍ឡើយ។លុះព្រឹកឡើងក៏មានការភ្ញាក់ផ្អើលប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់នៅក្នុងដីឡូតិ៍នោះតែម្ដង។
បន្ទាប់ពីមានការភ្ញាក់ផ្អើលនគរបាលមូលដ្ឋានបានចុះទៅហ៊ុំព័ទ្ធកន្លែងកើតហេតុនិងទាក់ទងទៅមន្ត្រីនគរបាលជំនាញដើម្បីចុះត្រួតពិនិត្យ។ តាមការត្រួតពិនិត្យសាកសព នៅក្នុងហោប៉ៅ
សំពត់មានក្រវិលកំប៉ុងស្រាបៀរចំនួន៥, កូនសោរម៉ូតូ១កូនសោរដែក២ លុយខ្មែរចំនួន៤៣៥០០រៀល។
សាកសពមានស្នាមជាំភ្នែកទាំងសងខាង,ស្នាមជាំនៅលើផ្ទៃមុខទាំងសខាង។
តាមការត្រួតពិនិត្យសាកសពលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថាថា នារីរងគ្រោះបានស្លាប់ដោយវាយក្បាល និងខ្ទប់ដង្ហើម ដែលជាករណីឃាតកម្ម។ជុំវិញករណីឃាតកម្មនេះគេពុំដឹងថា ស្ត្រីរងគ្រោះត្រូវបានឃាតករសម្លាប់ព្រោះរឿងគំនុំអ្វីឡើយ។គេមានការសង្ស័យថាជនរងគ្រោះអាចមានទំនាក់ទំនងជាមួយនិងឃាតករហើយត្រូវឃាតករវាយសម្លាប់រួចអូសយកទៅទម្លាក់ចោលនៅក្នុងដីឡូតិ៍ខាងលើ។
បច្ចុប្បន្នសពត្រូវបាននគរបាលបញ្ជូនទៅតម្កល់នូវឈាបនដ្ឋានវត្តស្ទឹងមានជ័យដើម្បីស្រាវជ្រាវរកបងប្អូន សាច់ញាតិ ៕
ដោយ ៖ ភារ៉ា ដង្កោ