ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា វាយតម្លៃឱ្យបានត្រឹមត្រូវ ច្បាស់លាល់ និងត្រូវជំនាញ ចំពោះការជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សានៅតំបន់ខ្វះខាត។
សម្តេចធិបតី បានថ្លែងបញ្ជាក់ថា នៅពេលមានការខ្វះខាតគ្រូបង្រៀន និងបញ្ហាចំពោះមុខនោះត្រូវជ្រើសរើសគ្រូបង្រៀនមកបង្រៀន រួមទាំងគ្រូ ដែលចូលនិវត្តន៍ផងដោយមានកុងត្រា។
សម្តេចធិបតី ថ្លែងគូសបញ្ជាក់ថា៖ «នៅពេលមានបញ្ជាហើយ ត្រូវដោះស្រាយក្នុងរយៈពេលខ្លី គឺត្រូវបើកច្រកក្នុងការរើសគ្រូ កុងត្រានៅនឹងកន្លែង រួមទាំងគ្រូដែលចូលនិវត្តន៍ ដើម្បីគាត់បានបន្តបង្រៀន។ រឿងនេះមិនមែនតែរឿងថ្មីទេ កន្លងមកក៏មានអាណាព្យាបាល ម្តាយឪពុក បានអញ្ជើញអ្នកគ្រូ លោកគ្រូមកបង្រៀនវិញ»។
បន្ថែមពីនេះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា សម្តេចបានប្រកាសទទួលយកការព្រួយបារម្ភចំពោះការជ្រើសរើសគ្រូបង្រៀនតាមរយៈកុងត្រា ប៉ុន្តែផ្អែកលើតថភាពជាក់ស្តែង ត្រូវធ្វើការច្នៃប្រឌិត ក្នុងការបើកច្រកដោយមានភាពបត់បែន។ ជាមួយគ្នានេះ តាមអនុក្រឹត្យឆ្នាំ២០១៤ មានការនិយាយពីការបំពេញបន្ថែមចំពោះគ្រួបង្រៀនថ្នាក់មតេ្ដយ្យ និងបឋមសិក្សា ប៉ុន្តែចំពោះថ្នាក់គ្រូមធ្យមសិក្សាត្រូវគិតគូរឱ្យបានហ្មត់ចត់ បើមិនដូច្នេះទេនឹងត្រូវប្រឈម។
សម្តេចធិបតី ថ្លែងបន្ថែមថា៖ «ខ្ញុំសូមគោលការណ៍ឱ្យច្បាស់ ហើយដាក់គោលការណ៍ជាថ្មីគឺត្រូវបំពេញគ្រូបង្រៀននៅកន្លែងខ្វះពិតប្រាកដ ហើយមានការវាយតម្លៃពិតប្រាកដលើជំនាញពិតប្រាកដ ។ បើខ្វះគ្រូជីវៈ ហើយលើសគ្រូគណិត មិនត្រូវទុកគ្រូគណិតទេ គឺត្រូវទុកគ្រូជីវៈបង្រៀន»។
សម្តេចធិបតី បានបញ្ជាក់បន្ថែមថា ការជ្រើសរើសគ្រូបង្រៀនត្រូវគិតពីសុខភាព និងសកម្មនឹងការងារ ដោយមិនត្រូវគិតពីមនោសញ្ចេតនានោះទេ ក្នុងនោះដែរគ្រូកុងត្រាគឺ សិទ្ធិ និងការទទួលខុសត្រូវមិនដូចគ្រូក្របខ័ណ្ឌ ឬក្នុងប្រអប់នោះទេ។
សម្តេចធិបតី ថ្លែងបន្តថា នៅពេលសម្តេចចុះទៅតាមតំបន់ជនបទមានការលំបាកបំផុត គឺការខ្វះគ្រូបង្រៀននៅថ្នាក់វិទ្យាល័យនៅតាមមូលដ្ឋាន ដែលមានការពិបាកក្នុងការបំពេញបន្ថែម ដែលចំណុចគឺជាការពិបាកក្នុងការទទួលខុសត្រូវ ចំពោះសិស្សក្មេងៗ។ សម្តេច ក៏បានស្នើដល់ក្រសួងអប់រំ ត្រូវតែខិតខំគិតគូរក្នុងការទទួលខុសត្រូវចំពោះសិស្សានុសិស្សចំពោះការខ្វះគ្រូបង្រៀនព្រោះពួកគេជាធនធានសំខាន់។
ជាមួយគ្នានេះ សម្តេចធិបតី ក៏សូមឱ្យមានការយោគយល់ចំពោះការគិតគូរដាក់គ្រូបង្រៀន នៅតំបន់ខ្វះខាត ព្រោះថាអ្វីដែលសម្តេចគិតនេះគឺផ្អែកមើលមូលដ្ឋាននិយម មិនមែនផ្អែកលើទ្រឹស្តី ឬមានការលើកយោយល់នោះទេ។ តាមការចុះទៅដល់ជាក់ស្តែងតាំងពីនៅមេទ័ពជើងគោក សម្តេចបវរធិបតីបានអះអាងផងដែរ នៅកន្លែងខ្លះមានអគារសិក្សា ប៉ុន្តែខ្វះគ្រូបង្រៀន ហើយកន្លែងខ្លះមានគ្រូ តែខ្វះអគារសិក្សាផងដែរ៕ដោយ៖តារា