សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យលោក Tull Traisorat ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួប និងប្រគល់សារតាំង

ចែករំលែក៖

ភ្នំពេញ ៖ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក ធុល ត្រៃសូរ៉ាត់ (Tull Traisorat) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួប និងប្រគល់សារតាំង នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានសម្ដែងនូវការស្វាគមន៍ ចំពោះដំណើរបំពេញបេសកកម្មការទូត របស់ លោក មកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ។ សម្ដេចតេជោសង្ឃឹមថាតាមរយៈ ឯកអគ្គរាជទូត នឹងធ្វើឲ្យទំនាក់ទំនងកម្ពុជា និងថៃកាន់តែល្អប្រសើរបន្ថែមទៀត ដែលមកដល់ពេលនេះទំនាក់ទំនងរវាងកម្ពុជា និងថៃ គឺជាភាពដៃគូយុទ្ធសាស្ត្រជាមួយគ្នា ដូច្នេះតាមរយៈ ឯកអគ្គរាជទូតថ្មីនៅពេលនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរបន្ថែមទៀតលើគ្រប់វិស័យ។

លោក Tull Traisorat ឯកអគ្គរាជទូតថៃ បានសំដែង នូវការអរគុណចំពោះ សម្ដេចតេជោ ដែលបានអនុញ្ញាត និងទទួលសារតាំង ពីលោកក្នុងឋានៈ សម្ដេចជាប្រមុខរដ្ឋស្ដីទី។ នាឱកាសនេះ ឯកឧត្តមក៏បាននាំយកនូវការសួរសុខទុក្ខអំពី ព្រះមហាក្សត្រថៃ ចំពោះសម្ដេចតេជោផងដែរ។ ក្នុងឆ្នាំ២០២៥ នេះជាខួប៧៥ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោ បានរំលឹកអំពីការរៀបចំសកម្មភាពនានារវាងភាគីកម្ពុជា និងភាគីថៃ ក្នុងគោលដៅដើម្បីអបអរសាទរខួបទំនាក់ទំនងនេះ ជាពិសេសសម្ដេចតេជោក៏បានរំលឹកអំពីព្រឹត្តិការណ៍នៃការរៀបចំបាល់ទាត់មិត្តភាពដែលធ្វើឡើងកាលពីថ្ងៃទី៨ ខែមីនា កន្លងទៅថ្មីៗនេះ ដែលបង្ហាញពីស្មារតីនៃសាមគ្គីភាព ការពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងប្រទេសទាំង២ក្នុងក្របខ័ណ្ឌគ្រប់វិស័យ។ ជាមួយគ្នានោះដែរ សម្ដេចតេជោ ក៏បានលើកឡើងអំពីទំហំពាណិជ្ជកម្មផងដែរ ដោយពេញចិត្តចំពោះទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងថៃ ដែលក្នុងឆ្នាំ២០២៤ កន្លងទៅនេះ បានកើនឡើងរហូត១០ពាន់លានដុល្លារ ធៀបឆ្នាំ២០២៣ ដែលយើងមាន៨ពាន់លានដុល្លារ ដែលការកើនឡើងនេះបង្ហាញអំពី ទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ ទន្ទឹមនឹងការដើរទៅជាមួយគ្នានៃទំនាក់ទំនងនយោបាយរវាងភាគីទាំងពីរក៏កាន់តែល្អប្រសើរដែរ តាមរយៈការផ្លាស់ប្ដូរ ថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរជាបន្តបន្ទាប់ ដែលកន្លងទៅនេះ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏ធ្លាប់បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសថៃ ហើយពេលខាងមុខនេះនាយករដ្ឋមន្ត្រីថៃនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ ក្នុងឱកាសខួប៧៥ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ជាមួយគ្នានោះសម្ដេចតេជោក៏បានសម្ដែងនូវភាពរីករាយចំពោះកំណើនទេសចរណ៍រវាងប្រទេសទាំងពីរ ដែលក្នុងនោះកំណើនភ្ញៀវទេសចរណ៍ថៃមកកាន់ប្រទេសកម្ពុជាមានការកើនឡើងដែលឆ្នាំ២០២៤ មានរហូតដល់២លាននាក់ ដែលឈរនៅលំដាប់ទី១ ក្នុងចំណោមទេសចរណ៍បរទេស ហើយទេសចរណ៍កម្ពុជាទៅប្រទេសថៃវិញគឺ ប្រមាណ៥៥ម៉ឺននាក់ ក្នុងឆ្នាំ២០២៤ ដែលនេះបង្ហាញអំពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរផងដែរ។

ឆ្លៀតនៅក្នុងឱកាសនេះសម្ដេចតេជោប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជាក៏បានផ្ដាំសួរសុខទុក្ខថ្វាយចំពោះព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃផងដែរ តាមរយៈលោកអគ្គរាជទូតថៃនៅពេលនេះ។

លោក ឯកអគ្គរាជទូតថៃ បានបានប្តេជ្ញា ក្នុងការបំពេញបេសកកម្មនៅកម្ពុជា ដោយយកចិត្តទុកដាក់ ធ្វើយ៉ាងណាក្នុងការពង្រឹង ពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ និងប្រទេសថៃឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសការគៀងគរអ្នកវិនិយោគរបស់ថៃមកកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរ លោក Tull Traisorat ឯកគ្គរាជទូតព្រះរាជាណាចក្រថៃប្រចាំនៅកម្ពុជា សូមឱ្យបំពេញការងារ ជាបេសកកម្មការទូតនៅកម្ពុជាប្រកបដោយភាពជោគជ័យ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print