ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋនៅស្រុកសន្ទុកខេត្តកំពង់ធំបានរាយការណ៍ថា នៅ រដូវបិទនេសាទសម្រាប់ឆ្នាំ២០១៦នេះ បទ ល្មើសនេសាទកើតកើនទ្វេដងនៅឆ្នាំ២០១៥ ប៉ុន្តែមិនត្រូវបានគេបង្ក្រាបនោះទេ ហើយបើបង្ក្រាបអាតូចៗថតបង្ហោះហ្វេសប៊ុក បង្ហាញថ្នាក់លើគ្រាន់ជាការបិទបាំងបទល្មើសនេសាទធំៗប៉ុណ្ណោះ ។
បទល្មើសនេសាទកើនឡើង ហើយមិនត្រូវបានបង្ក្រាបនៅចំណុចព្រែកបឹងខាន់ បឹងក្រាយ បឹងស្នូកចាប៉ី និងបឹងអាពៀនេះ គេសង្ស័យមន្ត្រីរដ្ឋបាលជលផលក្រោមការគ្រប់គ្រងរបស់លោក គូ ប៊ុនតឹង នាយផ្នែករដ្ឋបាលជលផលនៅទីនោះឃុបឃិតប្រព្រឹត្តអំពើពុករលួយផងក៏មិនដឹង ។
ចំពោះបញ្ហាបទល្មើសនេសាទកើតឡើងពេញបន្ទុកនេះ ប្រជាពលរដ្ឋមានក្តីបារម្ភថា នៅចុងឆ្នំា២០១៦ អាចនឹងគ្មានត្រីសម្រាប់ធ្វើប្រហុកផ្អកនោះទេ បើនៅតែមិនមានវិធានការបង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់ធំៗ ដែលកំពុងនេសាទនៅតំបន់បឹងទាំង ប៉ុន្មានខាងលើនេះ ។
តាមប្រជាពលរដ្ឋបានខ្សឹបខ្សៀវថា ក្រុម នេសាទល្មើសច្បាប់ ដែលប្រើឧបករណ៍លប់ រ៉ាវ ក្នុងមួយកន្លែងឬមួយក្បាលទូកត្រូវបានក្រុមអ្នកនេសាទល្មើសច្បាប់ទាំងនោះបង់លុយឲ្យទៅមន្ត្រីជំនាញពី៣០ទៅ៤០ម៉ឺនរៀលហើយនៅមានកន្លែងប្រើឧបករណ៍ ខ្នាតធំមានទំហំដៃរាប់ពាន់ម៉ែត្រនោះ ប្រហែលជាក្រុមនេសាទល្មើសទាំងនេះ បង់លុយមិនក្រោមពាន់ដុល្លារនោះទេ ។
កន្លងទៅជុំវិញបទល្មើសនេសាទនៅ បឹងខាងលើនេះ ត្រូវបានលោក គូ ប៊ុនតឹង នាយផ្នែករដ្ឋបាលជលផលនៅទីនោះ ធ្លាប់បានឲ្យដឹងយ៉ាងខ្លីថា បើមិនរកបាន អីស៊ី ។ អ្វីដែលនាយផ្នែករដ្ឋបាលជលផល ឆ្លើយបែបនេះត្រូវបានប្រជាពលរដ្ឋនៅតំបន់នោះរិះគន់ថា លោក គូ ប៊ុនតឹង ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់កំពុងយកច្បាប់មកទ្រាប់ អង្គុយ ។
ដោយឡែកលោក ប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយនឹងបណ្តាញព័ត៌មានក្នុងស្រុកដោយសន្យាថានឹងជំរុញដល់មន្ត្រីក្រោមឱវាទឲ្យចុះទៅកាប់បំផ្លាញឧបករណ៍នេសាទលើ្មសទាំនេះចោល និង ដាក់ភ្នាក់ងារចាំឃ្លាំមើលជាប្រចាំទៀតផង ។
នៅក្រោយការប្តេជ្ញាចិត្តរបស់នាយ ខណ្ឌខាងលើនេះជាបន្តបន្ទាប់គេបាន សង្កេតឃើញមន្ត្រីរដ្ឋបាលជលផល ក្រោម ការគ្រប់គ្រងរបស់លោក គូ ប៊ុនតឹង បាន បញ្ជាកូនចៅចុះបង្ក្រាប ហើយបានថត បង្ហោះហ្វេសប៊ុកថែមទៀតផង។ ក៏ប៉ុន្តែអ្វីដែលមន្ត្រីចុះទៅបង្ក្រាបនោះត្រូវគេមើលឃើញថា បង្ក្រាបតែក្រុមនេសាទតូចតាច ប៉ុណ្ណោះ ដើម្បីជាការបំភាន់ភ្នែកថ្នាក់លើ ហើយអាធំៗ គេទុកចិញ្ចឹមឆ្នាំងបាយ ដដែល។ ដូច្នេះបញ្ហានេះ លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ គួរចុះទៅពិនិត្យឲ្យដល់បឹងព្រែកជៀសវាងកូនចៅទៅភូតកុហកលោក ៕
ដោយ៖ ប៊ុន រទ្ធី