អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ចែករំលែក៖

ភ្នំពេញ ៖ លោក សម រង្ស៊ី គឺជាអ្នកនយោបាយដែលគ្មានបានធ្វើអ្វីជាប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋកម្ពុជាឡើយ។ នេះបើយោងតាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បានប្រាប់អះអាងប្រាប់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃពុធទី១២ ខែមីនា ឆ្នាំ២០២៥នេះ។

លោក ជា ធីរិទ្ធ បន្តថា ៖ ផ្ទុយទៅវិញ ទណ្ឌិតរូបនេះ ចេះត្រឹមធ្វើនយោបាយមួលបង្កាច់ បំភ្លៃ និងកេញចំណេញតាមពីក្រោយព្រឹត្តិការណ៍តែប៉ុណ្ណោះ។
សូមបញ្ជាក់ថា ៖ ប្រតិកម្មរបស់លោក ជា ធីរិទ្ធ នេះធ្វើឡើងក្រោយពីលោក សម រង្ស៊ី បានយកព្រឹត្តិការណ៍នៃការចាប់ខ្លួនលោក Duterte អតីតប្រធានាធិបតីហ្វីលីពីនទៅកាត់ទោសនៅតុលាការ ព្រហ្មទណ្ឌអន្តរជាតិមកវាយប្រហារមកលើសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
សូមជម្រាបថា ៖ កាលពីថ្ងៃអង្គារ អាជ្ញាធរហ្វីលីពីន បានចាប់ខ្លួនលោក Duterte ដែលជាអតីតប្រធានាធិបតីតាមដីការបស់ តុលាការ ព្រហ្មទណ្ឌអន្តរជាតិ (ICC) ពាក់ព័ន្ធ នឹង សំណុំរឿង ឧក្រិដ្ឋកម្ម ប្រឆាំង នឹង មនុស្ស ជាតិ ។ នៅយប់ថ្ងៃដដែលនោះ លោក Duterte ត្រូវបានបញ្ជូនខ្លួនទៅកាន់ទីក្រុងឡាអេ ប្រទេសហូឡង់ ដើម្បីឱ្យតុលាការ ព្រហ្មទណ្ឌអន្តរជាតិកាត់ទោស។ តាមពិតទៅ រឿងនេះមិនជាប់ពាក់ព័ន្ធអ្វីបន្តិចណាសោះជាមួយនឹងកម្ពុជា ប៉ុន្តែ អ្នកនយោបាយរត់ចោលស្រុក សម រង្ស៊ី និងសារព័ត៌មាននៅក្រៅស្រុកបានព្យាយាមទាញរឿងនេះមកភ្ជា ប់នឹងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

លោក ជា ធីរិទ្ធ បានអះអាងថា ការវាយប្រហារ ក៏ដូចជា ការចោទប្រកាន់របស់បុគ្គលសម រង្ស៊ី មកលើសម្តេចតេជោ ហ៊ុន សែន គឺគ្មានតម្លៃអ្វីទាំងអស់សម្រាប់ប្រជាជនខ្មែរ ព្រោះប្រជាជនបានដឹងហើយនូវនយោបាយប្រជាភិថុតិដដែលៗរបស់បុគ្គលរូបនេះ។ សម្រាប់លោក ជា ធីរិទ្ធ បុគ្គលសម រង្ស៊ី គឺជាអ្នកនយោបាយគ្មានចក្ខុវិស័យនយោបាយ និងយុទ្ធសាស្រ្ត ដើម្បីផលប្រយោជន៍ជាតិទេ ផ្ទុយទៅវិញ ចេះតែធ្វើនយោបាយមួលបង្កាច់ បំភ្លៃ និងកេញចំណេញតាមពីក្រោយព្រឹត្តិការណ៍ប្រទេសនេះ ប្រទេសនោះដែលកំពុងមានបញ្ហា ដើម្បីបំពេញតណ្ហានយោបាយសងសឹករបស់ខ្លួនតែប៉ុណ្ណោះ។ ម្លោះហើយ ទើបបុគ្គលរូបនេះ បរាជ័យ អស់អ្នកគាំទ្រដូចសព្វថ្ងៃនេះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា៖ «សម្តេចតេជោ លោកជាអ្នកសង្គ្រោះអាយុជីវិតប្រជាជន នៅជាមួយប្រជាជនគ្រប់កាលៈទេសៈ នាំសន្តិភាព និងធានាសន្តិភាពឲ្យកម្ពុជា ដោយខ្ញុំមិនចាំបាច់បរិយាយ ឬបៀបធៀបនោះទេ ព្រោះប្រជាជនខ្មែរលោកដឹងច្បាស់ណាស់»។ ដូច្នេះហើយ លោកអះអាងថា ការមួលបង្កាច់ ការបំភ្លៃរបស់បុគ្គល សម រង្ស៊ី នេះ វាបានក្លាយជាប្រពៃណី ដោយជាប់ជ្រៅនៅក្នុងសន្តាននយោបាយប្រជាភិថុតិរបស់គាត់ទៅហើយ ដែលគ្មានតម្លៃអ្វីត្រូវឆ្លើយតបច្រើនពេកនោះទេ។
ភាពល្ងង់ខ្លៅ សារជាតិក្បត់ពីឪ ត ដល់កូន តាមរយៈហ្វេសប៊ុករបស់ខ្លួននៅព្រឹកថ្ងៃពុធនេះ បុគ្គល សម រង្ស៊ី បែរជាចង់ឱ្យតុលាការ ព្រហ្មទណ្ឌអន្តរជាតិ (ICC)អនុវត្តមកលើសម្តេចតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងជាស្ថាបនិកសន្តិភាពនៅក្នុងប្រទេសកម្ពុជាដូចលោក Duterteទៅវិញ។ បុគ្គលរូបនេះ ថែមទាំងបានចោទប្រកាន់ជាច្រើនមកលើសម្តេចតេជោ ហ៊ុន សែន ប៉ុន្តែ ការចោទប្រកាន់ទាំងអស់នោះ ត្រូវបានលោក ជា ធីរិទ្ធ ទាត់ចោល ដោយចាត់ទុកថា ជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងខុសពីការពិតទាំងស្រុង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print