ភ្នំពេញ ៖ លោក តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ នៅទីស្តីការក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥, លោក តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើការរៀបចំទម្រង់រួមនៃដីកាសម្រេចរក្សាការពារ មុននឹងត្រូវដាក់ឱ្យអនុវត្តដោយសាលាជម្រះក្តីទូទាំងប្រទេស។
កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី លោក សេង នាង អនុប្រធានតុលាការកំពូល, លោក យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី, លោក ប្លង់ សំណាង ចៅក្រមតុលាការកំពូល និងលោកប្រធានសាលាដំបូងរាជធានី-ខេត្ត។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើទម្រង់រួមនៃដីកាសម្រេចរក្សាការពារនេះ អង្គ ប្រជុំ បានគាំទ្រលេីការផ្តួចផ្តេីមរៀបចំទម្រង់រួមនៃដីកាសម្រេចរក្សាការពារ និងឯកភាពជារួមលេីទម្រង់រួមនៃដីកាសម្រេច ដែលនេះ នឹងអាចធានាបានកាន់តែប្រសេីរនូវសង្គតិភាព ទាំងលើទម្រង់ ទាំងខ្លឹមសារ នៃការចេញ ដីកាសម្រេចរក្សាការពាររបស់សាលាជម្រះក្តី។
ផ្អែកតាមស្មារតីនៃកិច្ចប្រជុំនេះ ក្រុមការងារ នៃក្រសួងយុត្តិធម៌ នឹងស្នើសុំគោលកាណ៍សម្រេច ពី លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដើម្បីដាក់ចេញឱ្យអនុវត្តនូវ ទម្រង់រួមនៃដីកាសម្រេចរក្សាការពារ នៅ តាម សាលាជម្រះក្តីទាំងអស់ នាពេលឆាប់ៗ ខាងមុខ៕
ដោយ ៖ សិលា