ភ្នំពេញ ៖ អង្គភាព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ៖ នាពេលកន្លងមក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញថា មានជនរងគ្រោះជាច្រើន បានចាញ់បោក បទល្មើសឆបោកប្រាក់កម្ចីតាមអនឡាញ ដោយជនអនាមិក បានបង្កើតគណនីហ្វេសប៊ុក ឬ តេលេក្រាម ដោយមានការដាក់ឈ្មោះជាក្រុមហ៊ុនផ្សេងៗ ហើយបានបង្ហោះផ្សព្វផ្សាយ ផ្តល់ប្រាក់កម្ចី ក្រោមលក្ខខណ្ឌផ្តល់កម្ចីងាយស្រួល ដើម្បីអោយជនរងគ្រោះមានចំណាប់អារម្មណ៍ខ្ចី។ នៅពេលដែលជនរងគ្រោះទាក់ទងទៅដើម្បីស្នើសុំខ្ចីប្រាក់ និងបាននិយាយត្រូវគ្នា និងយល់ព្រមតាមតំលៃស្នើប្រាក់កម្ចីរួចហើយ ជនអនាមិកក៏បានឱ្យជនរងគ្រោះ ថតផ្ញើឯកសារមួយចំនួនមានដូចជា៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ថតរូបកាន់អត្តសញ្ញាណប័ណ្ណ ថតរូបកន្លែងធ្វើការ ជាដើម ហើយបន្ទាប់មកជនអនាមិកក៏បានផ្ញើ QR Code មកឱ្យយើងស្កេន QR Code ដើម្បីវេរលុយ ជាថ្លៃរត់ឯកសារ ឬ ថ្លៃរដ្ឋបាល ជាដើម ក្រោយពីយើងបានវេរលុយរួច ជនអនាមិកនោះនៅតែបន្តឱ្យយើងវេរលុយរហូត ឬ ក៏បានផ្តាច់ទំនាក់ទំនង និងបានលុបសាររបស់យើងទាំងអស់ចោល ដោយជនអនាមិកនោះមិនបានឱ្យយើងខ្ចីលុយនោះទេ ថែមទាំងអាចយកឯកសារដែលយើងបានផ្ញើឱ្យនោះយកមកគំរាមយើង យករូបថតមិត្តភក្កិ បងប្អូន របស់យើង នៅក្នុងប្រព័ន្ធសង្គមហ្វេសប៊ុកជាដើម យកទៅបង្ហោះ បង្កាច់បង្ខូច ឈ្មោះយើងថាជាជនពាក់ព័ន្ឋទៀតផង។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការ ក្រើនរំលឹក ដល់សាធារណជនទាំងអស់ មេត្តាគប្បីប្រុងប្រយ័ត្ន ចំពោះ ក្រុមហ៊ុនផ្តល់ប្រាក់កម្ចីតាមអនឡាញខុសច្បាប់ដែលបានរៀបរាប់ដូចខាងលើ។
✅ វិធីសង្កេតការបន្លំប្រាក់កម្ចីអនឡាញ
🚨*ទាមទារបង់ប្រាក់មុន – ក្រុមហ៊ុនប្រាក់កម្ចី ស្របច្បាប់មិនត្រូវការទាមទារឱ្យបង់ប្រាក់មុននោះទេ។
🚨*ការអនុម័តប្រាក់កម្ចី ក្រោមល័ក្ខខ័ណ្ឌងាយស្រួល– គ្មានស្ថាប័នណាដែលអាចផ្តល់ប្រាក់កម្ចីដោយគ្មានការត្រួតពិនិត្យប្រវត្តិហិរញ្ញវត្ថុទេ។
🚨*គ្មានអាសយដ្ឋានជាក់ស្តែង – ពិនិត្យអាសយដ្ឋាន និងគេហទំព័ររបស់ក្រុមហ៊ុនប្រាក់កម្ចីអនឡាញមុននឹងខ្ចីប្រាក់។
🚨*សំណើឱ្យបង់ប្រាក់តាមវិធីមិនធម្មតា – ការបង់ប្រាក់តាម QR Code គឺជាសញ្ញាសង្ស័យ។
✅ តើត្រូវធ្វើដូចម្ដេចដើម្បីការពារខ្លួនពីការបន្លំ?
*ពិនិត្យក្រុមហ៊ុន – ស្វែងរកព័ត៌មានអំពីក្រុមហ៊ុនប្រាក់កម្ចីអនឡាញ នោះតាមរយៈអាជ្ញាធរហិរញ្ញវត្ថុ។
*មិនបង់ប្រាក់មុន – ក្រុមហ៊ុនប្រាក់កម្ចី ច្បាប់នឹងមិនទាមទារឱ្យបង់ប្រាក់មុននោះទេ។
* អានមតិអ្នកប្រើប្រាស់ – ស្វែងរកមតិពីអតិថិជនអំពីប្រាក់កម្ចីអនឡាញ។
* ប្រើប្រាស់ធនាគារដែលមានការទទួលស្គាល់ – ដើម្បីទទួលបានប្រាក់កម្ចីដែលមានសុវត្ថិភាព។
*មុនធ្វើការស្នើសុំប្រាក់កម្ចី យើងត្រូវពិនិត្យមើលបន្ថែម តាមរយ:តំណភ្ជាប់ផ្លូវការ របស់ធនាការជាតិ https://www.nbc.gov.kh/supervision/commercial_banks.php
អំពីក្រុមហ៊ុនផ្តល់ប្រាក់កម្ចីដែលមានការទទួលស្គាល់ពីធនាគារជាតិ ៕
ដោយ ៖ សិលា