វាលវដ្ដសង្សារមហាធំធេង សុទ្ធតែវង្វេងក្នុងភាពអន្ធការ យកចាញ់យកឈ្នះក្នុងអនត្តា មិនគិតអាត្មាកាយមិនមែនកាយ” នេះជាឃ្លាមួយក្នុងសំនៀងរបស់លោកស៊ិន ស៊ីសាមុត តាំងពីសម័យសង្គមរាស្ត្រនិយមមកម៉្លេះ ប៉ុន្តែជីវិតរបស់ខ្ញុំដែលបានឆ្លងកាត់សង្គ្រាម និងការផ្លាស់ប្ដូរក្នុងសង្គមជាតិច្រើនដំណាក់កាលក៏មិនខុសអ្វីពីវាចារបស់អ្នកនិពន្ធបទចម្រៀងនេះដែរ។
ខ្ញុំគ្រាន់តែកើតមកឃើញពន្លឺព្រះអាទិត្យបាន ៩ ឆ្នាំប៉ុណ្ណោះ ខ្ញុំបានស្គាល់ភ្លើងសង្គ្រាមទៅហើយ។ ដំណើរឆ្លងកាត់ភ្លើងសង្គ្រាមច្រើនដំណាក់កាលនេះ ធ្វើឲ្យខ្ញុំស្គាល់រសជាតិគ្រប់បែបយ៉ាង។ ក្នុងសម័យសង្គ្រាមឆ្នាំ ១៩៧០ ដល់ ១៩៧៥ ក៏ដូចសម័យរបបកម្ពុជាប្រជាធិបតេយ្យឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ខ្ញុំខំរិះរកវិធីរក្សាជីវិតឲ្យបានរួចផុតពីរបបដឹកនាំទាំងអស់នោះ។ ក្នុងសម័យខ្មែរក្រហមខ្ញុំបានប្រើវិធីសម្របខ្លួនផងប្រឆាំងដោយស្ងាត់កំបាំងផង និងប្រឆាំងចំពោះមុខតិចតួចបំផុត។ ពេលនោះការកាន់កាប់អំណាចរបស់ពួកខ្មែរក្រហមនៅក្នុងភូមិរបស់ខ្ញុំមានភាពធូរលុងដែរពុំសូវអនុវត្តនយោបាយក្តៅគគុកដូចតំបន់ផ្សេងៗទៀតទេ ដូច្នេះបញ្ហា និងឧបសគ្គដែលខ្ញុំបានជួបប្រទះមិនធ្ងន់ធ្ងរលើសសមត្ថភាពរបស់ខ្ញុំដោះស្រាយឡើយ។
ខ្ញុំបានមើលឃើញចំណុចតូចមួយ គឺក្តីរីករាយដែលសេសសល់ក្នុងចន្លោះដ៏តូចចង្អៀតនៃទុក្ខសោកមហាសាលដែលប្រជាជនមូលដ្ឋានដូចខ្ញុំទទួលបាន។ ក្នុងអារម្មណ៍បែបនេះ ខ្ញុំក៏សម្រេចចិត្តសរសេរអត្ថបទនេះឡើងដែលបរិយាយពីជីវិតរបស់ខ្ញុំជាកុមារភាពក្នុងតំបន់រំដោះដែលធ្លាប់បានរស់នៅក្នុងរបបខ្មែរក្រហម ដោយលើកយកពីភាពរីករាយនៅពេលនោះមកតាក់តែង។
* កុមារតំបន់រំដោះ :
ភូមិអណ្ដូងខ្មត់ ស្ថិតក្នុងឃុំសំបូរស្រុករមាសហែក ខេត្តស្វាយរៀង។ មុនឆ្នាំ ១៩៧០ ភូមិនេះរីកចម្រើនជាងគេ ហើយប្រជាជនមានជីវភាពធូរធារជាងភូមិដទៃទៀតក្នុងឃុំ។ ដីស្រែកម្មសិទ្ធិតាមគ្រួសារនីមួយៗគិតជាមធ្យមប្រហែលប្រាំហិកតា មានគ្រួសារភាគតិចណាស់ដែលមានដីស្រែតិចជាង ៣ហិកតានោះ។ នៅក្នុងភូមិមានប្រជាជនប្រហែល ៥០ គ្រួសារ មានផ្ទះប្រក់ក្បឿង ១៥ ខ្នង ប្រក់ស័ង្កសី ៣ ខ្នង ក្រៅពីនោះប្រក់ស្លឹកត្នោត។
ក្រុមគ្រួសាររបស់ខ្ញុំមានដីស្រែជាង ៨ ហិកតា ផ្ទះប្រក់ក្បឿងមានវិទ្យុ ទោចក្រយាន រទេះ និងក្របីប្រាំមួយក្បាល។ បងប្អូនរបស់ខ្ញុំទាំងអស់បានចូលរៀនទាំងអស់។ខ្ញុំបានរៀនត្រឹមតែថ្នាក់ទី ៣ប៉ុណ្ណោះ ។ បើប្រៀបទៅនឹងប្រជាជនក្នុងភូមិគ្រួសាររបស់ខ្ញុំស្ថិតក្នុងជីវភាពកម្រិតមធ្យម។
ខ្ញុំកើតនៅភូមិអណ្ដូងខ្មត់នៅឆ្នាំ ១៩៦១ ។ នៅឆ្នាំ ១៩៦៨ ដល់ ១៩៦៩ ខ្ញុំបានទៅរៀននៅសាលាអមលាំង ខេត្តកំពង់ស្ពឺ ហើយបានត្រឡប់មករៀននៅក្រុងស្វាយរៀងវិញមុនថ្ងៃទី ១៨ មីនាឆ្នាំ ១៩៧០។ ជាអកុសលនការរៀនសូត្ររបស់ខ្ញុំត្រូវបានបញ្ចប់នៅពេលដែលខ្ញុំត្រឡប់មកភូមិកំណើតវិញ ក្រោយព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃទី ១៨ មីនាឆ្នាំ ១៩៧០។ មកដល់ស្រុកកំណើត ភូមិរបស់ខ្ញុំត្រូវបានខ្មែរក្រហមកាន់កាប់រួចស្រេចទៅហើយ។ ខ្មែរក្រហមបានមកប្រជុំតាមភូមិយ៉ាងញឹកញាប់ក្នុងបំណងផ្សព្វផ្សាយពីមាគ៌ា និងគោលនយោបាយរបស់ពួកគេ។ស្អែកឡើង ខ្ញុំទៅឃ្វាលក្របីនៅវាលស្រែជាមួយមិត្តភក្តិជាច្រើន ក្នុងនោះមាន បងគង់ សេងនៅដែរ។ នៅពេលជុំគ្នាច្រើនបងសេង នៅ ដែលពូកែនិយាយកំប្លែងបានស្រែកពីលើក្នុងក្របីថា ” បងប្អូនទាំងអស់គ្នាចាំស្ដាប់ខ្ញុំមានយោបល់ ” ។ យើងទាំងអស់គ្នាក៏ឈប់ស្ងៀមចាំស្ដាប់។
គាត់បន្តថា ” បងប្អូនត្រូវរួមចំណែកវាយខ្មាំង ហើយខំបង្កបង្កើនផលដូចជា ចិញ្ចឹមត្រកួនដាំមាន់ ដាំទា ដាំគោក្របី ជាដើម។
ខ្ញុំសួរទៅគាត់ថា ម៉េចក៏ទៅជាចិញ្ចឹមត្រកួននដាំមាន់នដាំទា អ៊ីចឹង?
គាត់និយាយថា អើ!បើអង្គការនិយាយថាអ៊ីចឹង មិនឱ្យអញថាអ៊ីចឹងយ៉ាងម៉េច? ពួកយើងសើចហើយយកពាក្យនេះទៅប្រាប់គ្នាបន្តទៀត។ យើងដឹងថាខ្មែរក្រហមមិនមែនជាអ្នកចេះដឹងសូម្បីតែនិយាយទៅកាន់ប្រជាជនក៏និយាយមិនត្រូវផង។ ក្រៅពីបងផ្សេងនៅមានមិត្តរិនក៏ពូកែនិយាយលេងសើចដែរ។ ថ្ងៃមួយពេលរសៀល មិត្តរិន និងខ្ញុំអង្គុយក្រោមដើមឈើមួយ ក្រោយពីបានដោតបង្កៃរួចហើយ។
មិត្តរិនសួរខ្ញុំថា ហេតុអ្វីបានជាអង្គការនិយាយពាក្យដើម្បីច្រើនម្ល៉េះ? ខ្ញុំសួរមិត្តរិនថា និយាយប៉ុន្មានដង? មិត្តរិនប្រាប់ថា អញអត់បានរាប់ទេ។ ខ្ញុំឲ្យយោបល់ថា ពេលអង្គការឡើងនិយាយឯងយកឈើគូសដីម្ដងមួយៗទើបដឹងអង្គការនិយាយពាក្យ”ដើម្បី”ប៉ុន្មានដង។
ថ្ងៃក្រោយពេលជួបខ្ញុំ មិត្តរិន សើចហើយប្រាប់ខ្ញុំថា អញរាប់ឃើញអង្គការនិយាយពាក្យដើម្បីជិត ៥០ ដង។ យើងក៏នាំគ្នាសើចទាំងអស់គ្នាទៅ។
យ៉ាងណាខ្មែរក្រហមមិនទាន់រឹតត្បិតសេរីភាព និងបង្ខំប្រជាជនឲ្យអនុវត្តនៅគោលនយោបាយណាមួយនៅឡើយទេ។ ពួកគេព្យាយាមឃោសនាបាយរបស់ពួកគេតាមរយៈការសម្ដែងសិល្បៈ។ ពួកគេឃោសនាពីរវីរភាពរបស់អ្នកតស៊ូបដិវត្តន៍ និងបំផុសកំហឹងប្រឆាំងអ្នកជិះជាន់ និងចក្រពត្តិ។ មុនការសម្ដែង មេភូមិនិងឈ្លប បានដើរប្រាប់ប្រជាជនតាមផ្ទះឲ្យត្រៀមហូបបាយឱ្យរួចរាល់ពីមេឃភ្លឺដើម្បីត្រៀមខ្លួនទៅមើលសិល្បៈតំបន់ដែលមកសម្ដែងនៅពេលល្ងាច។ (នៅមានត)
