ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួង ធនធានទឹក និង ឧតុនិយម នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែ ផល្គុន ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដី ពីស្ថាន ភាពទឹកស្អាត និង ទឹកប្រើប្រាស់ សម្រាប់វិស័យកសិកម្ម ដើម្បី ដាក់ចេញនូវវិធានការចំពោះមុខ និងប្រមូលធាតុចូល រៀបចំ ផែនការយុទ្ធសាស្ត្រ រយៈពេលខ្លី មធ្យម និង វែង នៅសាលប្រជុំ ទីស្ដីការក្រសួងធនធានទឹក និង ឧតុនិយម ។
ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ លោករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា ធនធានទឹក គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង៥ ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលរួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ហើយស្របតាម ទិសដៅនេះ ការធានាបាននូវសន្តិសុខនៃធនធានទឹក និងការប្រើប្រាស់ធនធានទឹកប្រកបដោយចីរភាព និង បរិយាបន្ន គឺ ជាអាទិភាព ចម្បងមួយ ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការកើនឡើងនៃ ផ្ទៃដីដាំដុះ ការរីកលូតលាស់យ៉ាងឆាប់រហ័សនៃ មូលដ្ឋានឧស្សាហកម្ម ការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងការប្រើប្រាស់សម្រាប់គាំទ្រដល់សកម្មភាពសេដ្ឋកិច្ចផ្សេងៗ ជាពិសេសនៅក្នុងរដូវប្រាំង បានធ្វើឱ្យ មាន តម្រូវការ ជា ចាំបាច់ក្នុងការ បង្កើននូវប្រភពទឹកស្អាតដែលប្រើប្រាស់បាន ហើយដែល ស្ថានភាព នេះ ទាមទារឱ្យមានការគិតគូរទៅលើប្រសិទ្ធភាពនៃការវិនិយោគ និងរក្សាតុល្យភាពនៃការបែងចែកធនធានទឹក សំដៅធានាបាននូវការផ្គត់ផ្គង់ទឹកក្នុងកម្រិតសុភបរមា(optimal) ដែលមានលក្ខណៈប្រទាក់ក្រឡា ទៅដល់គ្រប់តួអង្គក្នុងសង្គម-សេដ្ឋកិច្ច។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍គូសបញ្ជាក់ថា កិច្ចប្រជុំថ្ងៃនេះគឺអនុវត្តតាមការណែនាំ និង ការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដើម្បីរៀបចំនូវគោល នយោបាយទឹក ឱ្យកាន់តែច្បាស់លាស់ និង មានការចូលរួមពីអន្តរវិស័យ ក្រោមកិច្ចសហប្រតិបត្តិការពីក្រសួងស្ថាប័ន ពាក់ព័ន្ធ ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំង ដាក់ចេញនូវវិធានការចំពោះមុខ និង រៀបចំ ផែនការយុទ្ធសាស្ត្រ រយៈពេលខ្លី មធ្យម និង វែង ឱ្យកាន់តែ មានប្រសិទ្ធភាព ជូនរាជរដ្ឋាភិបាល ក៏ដូចជាប្រទេសជាតិទាំងមូល លើការងារ ទឹក ស្របតាមអនុសាសន៍នៃ កិច្ចប្រជុំអន្តរក្រសួង កាលពីពេលថ្មីៗ ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ៕
ដោយ ៖ សិលា