ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៉ីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញក្តីសង្ឃឹមថា កិច្ចចរចារវាងភាគីពាក់ព័ន្ធសម្រាប់រកដំណោះ ស្រាយដើម្បីបញ្ចប់សង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែន នឹងឈានទៅដល់ការបញ្ចប់សង្គ្រាមនាពេលឆាប់ខាងមុខនេះ ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា មានប្រសាសន៍ក្រោយបញ្ចប់ជំនួបរវាងសម្តេចតេជោ និងឯកអគ្គរដ្ឋទូតរុស្ស៊ីថា ឆ្លើយតបទៅនឹងការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូតរុស្ស៊ីជុំវិញពីបញ្ហាដែលកំពុងកើតមានឡើងក្នុងតំបន់និងពិភពលោក សម្តេចតេជោ ក៏បានរំលេចផងដែរអំពីបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ កាលពីថ្ងៃ១២ ខែមីនា បានចេញផ្សាយថា អ៊ុយក្រែនបានបង្ហាញពីការត្រៀមខ្លួនក្នុងការទទួលយកសំណើរបស់សហរដ្ឋអាម៉េរិកសម្រាប់ បទឈប់បាញ់បណ្តោះអាសន្នរយៈពេល៣០ថ្ងៃជាបន្ទាន់ បន្ទាប់ពីកិច្ចពិភាក្សាជាមួយគណៈប្រតិភូសហរដ្ឋអាម៉េរិកនៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ។
សេចក្តីថ្លែងការណ៍រួមមួយបានបង្ហាញថា កិច្ចពិភាក្សាជាច្រើនម៉ោងរវាងមន្ត្រីជាន់ខ្ពស់ នៃប្រទេសទាំងពីរបានឲ្យដឹងថា សហរដ្ឋអាម៉េរិក នឹងទាក់ទងទៅរុស្ស៊ីថា បដិវត្តន៍រុស្ស៊ី គឺជាគន្លឹះក្នុងការសម្រេចបានសន្តិភាព ៕ដោយ៖តារា