ខេត្តកំពង់ចាម៖ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុង ពិធីអបអរសាទរខួបលើកទី១១៤ ទិវា អន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមមូលបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប» នៅស្រុកកងមាស ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្តកំពង់ចាម និងតំណាងអភិបាលស្រុក អ្នកគ្រូពេទ្យ អ្នកគ្រូបង្រៀន តំណាងសមាគមនារី មន្ត្រីរាជការក្រោមឱវាទស្រុកកងមាសសរុបប្រមាណ២០០នាក់។
បន្ទាប់ពីស្តាប់សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ រួចមក បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈអភិបាលស្រុក និងមន្ត្រីក្រោមឱវាទទាំអស់ ដែលបានខិតខំប្ដេជ្ញាក្នុងការលើកកម្ពស់តួនាទីរបស់ស្ត្រីនៅក្នុងស្រុកឱ្យមានសិទ្ធិ ឋានៈ តួនាទីស្មើនឹងបុរស ដោយបានរំឭកពីបុព្វហេតុដែលមានទិវាសិទ្ធនារីនេះគឺពីកាលពី ១០០ឆ្នាំមុន នារីត្រូវបានបំបិទសិទ្ធិខាងផ្នែកនយោបាយ ផ្នែកសេដ្ឋកិច្ចនិងសង្គម។ យ៉ាងណាមិញ កម្ពុជាបានអនុវត្តសិទ្ធិនារីនេះតាំងពីទសវត្សរ៍ទី៨០មកម្ល៉េះ។
រាជរដ្ឋាភិបាលចាប់តាំងពីនីតិកាលទី១នៃរដ្ឋសភាមក បានបង្កើតក្រសួងកិច្ចការនារីដើម្បីលើកម្ពស់សិទ្ធិរបស់នារី ហើយរាជរដ្ឋាភិបាលបានរៀបចំយុទ្ធសាស្ត្រនិងដាក់ចេញនូវផែនការនារីរតនៈឱ្យអនុវត្ត។ ចំពោះសិទ្ធិផ្នែកនយោបាយវិញរាជរដ្ឋាភិបាលបានដាក់ចេញការ តែងតាំងគ្រប់កម្រិតទាំងក្រុមប្រឹក្សាឃុំ ស្រុក ត្រូវតែមានតំណាងជានារី បងប្អូនជនជាតិដើមភាគតិច ឥស្លាមជាដើម។ រីឯកម្រិតក្រសួងស្ថាប័ន ត្រូវមានរដ្ឋមន្ត្រី រដ្ឋលេខាធិការ ជានារីផងដែរ។ ក្នុងវិស័យអប់រំ ការលើក កម្ពស់ការសិក្សាសម្រាប់ក្មេងស្រីជាកត្តាសំខាន់ ដែលកម្រិតមត្តេយ្យសិក្សានិងកម្រិតបឋមសិក្សា ក្មេងស្រីចូលរៀនបាន៥១ភាគរយ មធ្យមសិក្សាក្មេងស្រីរៀនពូកែជាងក្មេងប្រុសជាភស្ដុតាងសិស្សនិទ្ទេសA ពាក់កណ្ដាល ក្មេងស្រី និងប្រុស រីឯនិទ្ទេសB និងC ៦២ភាគរយជាក្មេងស្រី រីឯឧត្តមសិក្សា អាត្រានិស្សិតនារីនិងបុរសស្មើគ្នា និងគរុនិស្សិតជានារី ៧៥ភាគរយ ។
សាជាថ្មីម្ដងទៀតបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានកោតសរសើរនិងថ្លែងអំណរគុណដល់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកងមាសដែលបានផ្ដល់អាហារូបករណ៍ដល់សិស្ស និងលោកគ្រូអ្នកគ្រូ អាចបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានានៅរាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូដែលបានយកអស់កម្លាំងកាយចិត្តចូលរួមអភិវឌ្ឍន៍ស្រុកកងមាសក្នុងរយៈពេល៨ឆ្នាំមកនេះ សម្រេចបានសមិទ្ធ ផលជាច្រើន ដូចជា ការជួសជុលនិងសាងសង់សាលា រៀនថ្មីបានជិត១០០អាគារ មណ្ឌលសុខភាព សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសូមបន្តការខិតខំប្រឹងប្រែងសហការគ្នាឱ្យកាន់ប្រសើរឡើងក្នុងស្មារតីរួមគិត រួមធ្វើ ឈានទៅសម្រេចសមិទ្ធផលបន្ថែមជាច្រើនទៀតនាពេលខាងមុខ៕