ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ កំពុងមានការព្រួយបារម្ភពីសុវត្ថិភាពយ៉ាងខ្លាំងក្រោយ បទល្មើសចោរកម្មកើតមានជាញឹកញាប់ តែមុខសញ្ញានៅមិនទាន់បង្ក្រាបបាន។
បើតាមពលរដ្ឋ បានលេីកឡេីងថា ក្នុងរយៈពេលមួយខែកន្លងមកនេះ ករណីចោរកម្មកើតមានចំនួន៥លើក ក្នុងមូលដ្ឋានភូមិត្រពាំងត្រយឹង ហើយករណីចុងក្រោយបានកើតឡើងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ដោយជនសង្ស័យចូលលួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋដល់ក្នុងផ្ទះ សរុបជាទឹកប្រាក់ជាង១ម៉ឺន ២ពាន់ដុល្លារសហរដ្ឋអារិក។
ពលរដ្ឋបន្ថែមថា នៅក្នុងមូលដ្ឋានពួកគាត់បច្ចុប្បន្ន ហាក់មិនមានសុវត្ថិភាពនោះទេ ដោយសារក្រុមចោរហារយកំពុងវាយឡុក ចូលធ្វេីសកម្មភាពជាញឹកញាប់ ។
ក្នុងរយះពេលមួយខែកន្លងមកនេះនៅក្នុងមូលដ្ឋានភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទីខេត្តតាកែវ បទល្មេីសចោរកម្មកេីតឡេីង៥ករណី ករណីទី១ ជនសង្ស័យកាត់សោរចូលលួចម៉ូតូមួយគ្រឿងបានសម្រេច ទី២ គាស់ទ្វារផ្ទះលក់ទូរស័ព្ទ(មិនបានសម្រេច) ទី៣ លួចម៉ាស៊ីនបូមទឹក(បានសម្រេច) ទី៤កាត់ខ្សែភ្លើងតាមដងផ្លូវក្នុងភូមិ បានសម្រេច) និងករណីចុងក្រោយចូលលួចកាបូបដល់ក្នុងផ្ទះបាត់មាសអស់ជាង៣តម្លឹង និងប្លាកទីនមួយចំនួនសរុបជាទឹកប្រាក់អស់ជាង១ម៉ឺន២ពាន់ដុល្លារ។
មន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំចំបក់ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានលើកឡើងពីបញ្ហាខ្វះខាតកម្លាំងដើម្បីចេញល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើស ដោយសារនៅក្នុងប៉ុស្ដិ៍នគរបាលចំបក់ទាំងមូលមានមន្ត្រីតែ៤នាក់ប៉ុណ្ណោះ ហើយមន្ត្រីក៏មានវ័យចំណាស់ទៀតផង។
មន្ត្រីនគរបាលដដែលបន្ថែមថា ការចេញល្បាតមិនអាចចេញតែម៉ូតូមួយគ្រឿង និងកម្លាំងពីរនាក់នោះទេ យ៉ាងហាវណាស់ក៏មានម៉ូតូពីរគ្រឿង និងកម្លាំង៤នាក់ដែរ ហើយបើកម្លាំងប៉ុស្ដិ៍មានតែ៤នាក់ អញ្ចឹងពេលចេញអស់ អត់មានអ្នកប្រចាំការនៅប៉ុស្ដិ៍នោះទេ។ ពាក់ព័ន្ធករណីចោរកម្មនេះ នគរបាលប៉ុស្ដិ៍ចំបក់ ក៏សូមស្នើដល់កម្លាំងជំនាញស្រុកជួយចុះស្រាវជ្រាវបន្ថែមផងដើម្បីកំណត់មុខសញ្ញាបានឆាប់រហ័ស។
ពាក់ព័ន្ធករណីចោរកម្មនេះដែរ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី ក៏បានទទួលជ្រាបព័ត៌មានរួចហើយតាំងពីថ្ងៃកើតហេតុមកម្លេះ ខណៈលោកបាននិងកំពុងជំរុញកម្លាំងជំនាញស្រុកស្រាវជ្រាវតាមចាប់ក្រុមមុខសញ្ញាសកម្មទាំងនេះដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់។ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកបាទី ស្នើឲ្យកម្លាំងនៃអធិការដ្ឋាននគរបាលស្រុក សូមបញ្ចេញកម្លាំងល្បាតតាមភូមិសាស្ត្រស្មុកស្មាញ និងងាយរងគ្រោះឲ្យបានញឹកញាប់ ដើម្បីទប់ស្កាត់បញ្ហាបទល្មើស ជាពិសេសក្រុមក្មេងទំនើង និងបញ្ហាគ្រឿងញៀន៕ដោយ៖សុខាសែនជ័យ