ភ្នំពេញ÷ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតី ក្នុងព្រះរាជពិធីស្រោចស្រង់ព្រះសុគន្ធវារីថ្វាយ ប្រគេន សម្តេចព្រះមហាសង្ឃរាជសម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងសម្ដេច ទាំង៦ព្រះអង្គ នៅក្នុងវត្តបទុមវតី។
នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ក្រសួងធម្មការនិងសាសានាមានឱកាសបានរៀបចំព្រះរាជពិធី និងពិធីស្រោចស្រង់ព្រះសុគន្ធវារីថ្វាយ ប្រគេន សម្តេចព្រះមន្ត្រីសង្ឃជាន់ខ្ពស់ចំនួន៤ដង រួមទាំងលើកនេះផងដែរគឺ៖ ១.ពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃសុក្រ ៥ កើត ខែកត្តិក ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២៣ នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
២.ព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលថ្វាយ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្ម១០០ព្រះវស្សា យាងចូល១០១ ព្រះវស្សាក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។
៣.ពិធីស្រោចស្រង់ព្រះសុគន្ធវារី ប្រគេនព្រះមន្ត្រីសង្ឃវត្តឧណ្ណាលោម ចំនួន៥ ព្រះអង្គ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។
៤.ក្នុងព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារីថ្វាយ-ប្រគេនសម្តេចព្រះមហាសង្ឃរាជសម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងសម្តេច ៦ព្រះអង្គ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នាវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ៕