ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីជិះម៉ូតូក្នុងល្បឿន លឿនមិនប្រយ័ត្នទៅបុកខឿនសួនច្បារ ចែកទ្រូងផ្លូវរួចហើយខ្ទាតទៅប៉ះនឹងបង្គោលស្លាកប៉ាណូធ្វើឱ្យបាក់ក ដែលហេតុការណ៍នេញបង្កឡើងដោយខ្លួនឯង កាលពីវេលាម៉ោង ២:២៥នាទីរំលង អធ្រាត្រ ឈានចូលថ្ងៃទី ១៤ខែមីនា ឆ្នាំ២០២៥ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ចំណុចភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះស៊ាង ដំ ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅឃុំអង្គព្រះសាទ ស្រុកគិរីវង់ ខេត្តតាកែវ អាសយដ្ឋានបច្ចុប្បន្នផ្ទះ លេខ ២៩៩ ផ្លូវលំភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 1CN-9863 ដោយជិះម្នាក់ឯងធ្វើដំណើរចុះពីលើស្ពានអាកាសចោមចៅក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ហើយខណៈពេលជិះមកផុតពីស្ពានបានប្រមាណជាង២០០ម៉ែត្រស្រាប់តែរេចង្កូតទៅបុកជាមួយខឿនសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យដួលខ្ទាតជនរងគ្រោះទៅបោក ប៉ះជាមួយបង្គោលស្លាកប៉ាណូបណ្ដាលឱ្យបាក់កស្លាប់បាត់បង់ជីវិតភ្លាមៗ ចំណែក ម៉ូតូវិញខ្ទាតអូសទៅមុខជាច្រើនម៉ែត្រ។ ក្រោយមកមានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ឃើញហេតុការណ៍ខាងលើក៏នាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុភ្លាមៗ។
បន្ទាប់ពីសមត្ថកិច្ចចុះមកដល់បានទាក់ទងទៅក្រុមសង្គ្រោះរបស់អង្គភាព ៧១១កងពលតូចលេខ៧០មកដល់ធ្វើការ ពិនិត្យសង្រ្គោះដែរតែជាអកុសលជនរងគ្រោះបានផុតដង្ហើមបាត់ទៅ ហើយ។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យជាបណ្តោះអាសន្ន ចំណែកឯសពមិនទាន់មានអត្តសញ្ញាណសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅខាងរថយន្តសាមុយដឹកសពយកទៅតម្កល់ទុកនៅវត្តរង់ចាំទាក់ទងរកក្រុមគ្រួសារនៅពេលក្រោយ៕