ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើកទឹកចិត្តឲ្យក្រសួងធម្មការ និងសាសនា បន្តសហការសាមគ្គីគ្នា មានទំនាក់ទំនងល្អ ជួយសហគមន៍សាសនាដទៃទាំងក្នុងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ដោយឈរលើគោលការណ៍សុខដុមនីយកម្មសាសនា។ ទន្ទឹមនឹងនេះ មន្ទីរធម្មការ និងសាសនាខេត្តក្រុង ត្រូវបន្តរៀបចំដឹកនាំកិច្ចការសាសនា ក្នុងសហគមន៍ តាមរយៈកិច្ចសហការជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ និងគណៈកម្មការវត្តអារាម ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។
ការណែនាំបែបនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសសម្ដេច និងភរិយាចូលរួមព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារីថ្វាយនិងប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងសម្តេចព្រះសង្ឃ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ។
សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ក៏បានផ្ដល់អនុសាសន៍ដល់ក្រសួងធម្មការ និងសាសនា សហការជាមួយគណៈសង្ឃទាំងពីរគណៈ រៀបចំបណ្ដុះបណ្ដាលតួនាទីភារកិច្ចដល់មន្ដ្រីសង្ឃ អាចារ្យគណៈកម្មការវត្តឲ្យបានទូលំទូលាយ ដើម្បីពង្រឹងសមត្ថភាព បង្កើនការយល់ដឹងអំពីតួនាទីភារកិច្ច។
សូមជម្រាបថា ព្រះពុទ្ធសាសនា ជាមរតកដូនតាខ្មែរ ហើយការបង្រៀនរបស់ព្រះពុទ្ធ ជាប្រភព នៃសេចក្តីស្រឡាញ់, បញ្ញាញាណ, សន្តិភាពផ្លូវចិត្ត និង បានជ្រួតជ្រាបក្នុងស្មារតី, ផ្នត់គំនិត,អារម្មណ៍, ឥរិយាបថ, សកម្មភាពរបស់ប្រជាជនខ្មែរ ដែលបានបង្ហាញឱ្យឃើញច្បាស់ តាមរយៈចរិតរួសរាយរាក់ទាក់, ស្មោះត្រង់, សុភាពរាបសារ, ទន់ភ្លន់ និង ម៉ឺងម៉ាត់ ។ នៅព្រះរាជាណាចក្រកម្ពុជា «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ» ហើយសេរីភាពខាងជំនឿ និង ការប្រណិប័តន៍សាសនាដទៃទៀត ត្រូវបានធានាក្នុងលក្ខខណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬ សាសនាដទៃទៀត។
ជាក់ស្តែងកម្ពុជាមានសុខដុមរមនាសាសនា និងរក្សាបាននូវគុណតម្លៃនៃសាមគ្គីភាពរវាងជាតិសាសន៍ និងសាសនាផ្សេងៗគ្នា ដោយមិនមានការប្រកាន់យកនូវនិន្នាការជ្រុលនិយម នោះទេ៕
ដោយ៖តារា