ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហើបឱ្យដឹងថា សម្តេចគ្រោងនឹងបង្កើតក្រុមផ្តល់យោបល់ពីខាងវិស័យឯកជនដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស លើវិស័យកសិកម្ម។ សម្តេចធិបតី អះអាងថា នេះមិនមែនមិនទុកចិត្តលើក្រុមការងារជំនាញរបស់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធឡើយ ប៉ុន្តែ សម្តេចចង់បានយោបល់បន្ថែមពីខាងវិស័យឯកជន ដើម្បីយកមកបំពេញបន្ថែម។ បន្ថែមលើនេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី ចង់ឱ្យវិស័យឯកជនរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវជាមួយនឹងរាជរដ្ឋាភិបាល ហើយមានបញ្ហាអ្វី ត្រូវនិយាយត្រង់ទៅត្រង់មកជាមួយរាជរដ្ឋាភិបាល។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ បានធ្វើឡើងតាមរយៈវេទិកាសាធារណៈ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើវិស័យឯកជនទាំងអស់ ត្រូវរួបរួមគ្នា កុំប្រកួតប្រជែងគ្នាឯង ព្រោះប្រទេសរបស់យើងតូច ដូច្នេះបើប្រកួតគ្នាឯង គឺមិនអាចឈ្នះគេនោះទេ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «អញ្ចឹងយើងរួមគ្នាគិត ជួយគិត ជួយធ្វើ រដ្ឋាភិបាលនឹងគិតអាចជួយអ្វីខ្លះ? អ្វីដែលយើងអាចផ្ដល់ឱ្យបានយើងផ្ដល់ អ្វីដែលយើងមិនអាចផ្ដល់បានយើងនឹងប្រាប់ ហើយយើងនិងរកវិធីជួយ។ ប៉ុន្តែទោះជាយ៉ាងណា ខ្ញុំចង់ឱ្យវិស័យឯកជន និងរដ្ឋជាដៃគូជួយគិត ជួយធ្វើ និងជួយទទួលខុសត្រូវ។ នេះហើយគឺជាអ្វីដែលខ្ញុំតែងតែនិយាយតាំងពីខ្ញុំមុនឡើងធ្វើជានាយករដ្ឋមន្រ្តី ហើយខ្ញុំនិយាយគ្រប់វេទិការទាំងអស់ គឺខ្ញុំចង់ឱ្យដៃគូឯកជនជួយគិត ជួយធ្វើ និងជួយទទួលខុសត្រូវ។ ជាកម្លាំងជាតិរបស់យើង ដើម្បីរួមគ្នាបង្កើនភាពទាក់ទាញ និងប្រកួតប្រជែងរបស់ជាតិរបស់យើង»។
សម្ដេចនាយករដ្ឋមន្រ្តីបានបន្តថា៖ «ប្រទេសយើងតូច ហើយបើយើងមិនរួមគ្នា យើងប្រកួតប្រជែងតែជាមួយគ្នាទេ យើងទៅប្រកួតជាមួយគេមិនឈ្នះគេទេ ហើយរួមគ្នានេះហើយគឺជាអ្វីដែលកត្តាមួយកំណត់ មិនមែនមានន័យថា ដាក់គោលដៅ ឬលក្ខខណ្ឌមករឹងកំព្រឹសនោះទេ។ មានន័យថាយើងឯកភាពគ្នា គោលការណ៍ប្រកួតប្រជែង ប៉ុន្តែជាមួយគ្នា មានគោលការណ៍មួយចំនួនដែលយើងអាចរួមគ្នាធ្វើ ដើម្បីបង្កើតភាពទាក់ទាញទាំងអស់»។
ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី បានលើកទឹកចិត្តអ្នកវិនិយោគនៅកម្ពុជា ឱ្យបន្តទាក់ទាញដៃគូវិនិយោគពីក្រៅប្រទេស មកផលិតគ្រឿងបង្គំ និងការកែច្នៃផលិតផលនានា ដែលមានវត្ថុធាតុដើមនៅក្នុងស្រុកស្រាប់ ដើម្បីធ្វើឱ្យកម្ពុជាមានផលិត ក្នុងស្រុក យកមកប្រើប្រាស់ក្នុងឧហ្សាហកម្មដោយខ្លួនឯង។ ជាមួយគ្នានេះ ការចូលរួមពីវិស័យឯកជន នឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា បន្តរក្សាបាននូវចលនការ (Momentum) រឹងមាំ ជាមួយអត្រាកំណើនរង្វង់ ៦,៣% នៅឆ្នាំ២០២៥នេះ ដែលបន្តទ្រទ្រង់ដោយវិស័យបម្រើការនាំចេញ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ រាជរដ្ឋាភិបាលនៅតែមានសុទិដ្ឋិនិយមខ្ពស់ថា កំណើនសេដ្ឋកិច្ចនៅមានលទ្ធភាពបន្តសម្រេចបានក្នុងរង្វង់ ៦,៥% ជាមធ្យមក្នុងមួយឆ្នាំ ៕
ដោយ ៖ សិលា