យ៉ាងណាចម្ងល់ នៅតែជាចម្ងល់ គ្មានចម្លើយទាល់តែសោះ ធ្វើឱ្យមាណពយើង គិតមិនយល់និងសញ្ជឹងគិតម្ដងហើយម្ដងទៀត តើអ្នកណាលួចថតរូបភាពនេះផ្ញើទៅ ភាវី បានលឿនម៉្លេះ? តើហេតុអ្វីបានជា ភាវី ផ្លាស់ប្ដូរចិត្តនិងកើតក្តីប្រចណ្ឌខុសទំនងមកលើរូបគេ ខណៈដែលកន្លងមកនាងបានបំភ្លេចរូបគេចោលទៅហើយនោះ? កំពុងឈរសញ្ចឹងគិតតែម្នាក់ឯងបែបនេះស្រាប់តែមានសំឡេងនារីម្នាក់យ៉ាងស្រួយស្រេះនិយាយពីក្នុងរថយន្តទំនើបមួយគ្រឿង។ទៅកាន់ វិសាល ធ្វើឲ្យកំលោះយើងភ្ញាក់ខ្លួនព្រើត ។
– ម៉េចដែរបងវិសាល! កំពុងឆ្ងល់ដែលបង ភាវី ទូរសព្ទស្ដីឱ្យនិងបង្ហាញភស្តុតាងបងឯងស្និតស្នាលជាមួយស្រីម្នាក់អម្បាញ់មិញមែនទេ?
វិសាលក្រឡេកមើលទៅម្ចាស់សំឡេងពិតជាធ្វើឲ្យរូបគេហួសចិត្តបំផុតត្បិតស្គាល់ថា គឺជាសំឡេងសោមាដែលកំលោះយើងធ្លាប់ទៅជួយយកអាសារចេញពីប៉ុស្តិ៍ប៉ូលីសដោយសារគ្រឿងញៀនកាលពីប៉ុន្មានខែមុនហើយនាងក៏ជាប្អូនបង្កើតរបស់ភាវីផងដែរ។
– មិនបាច់ឆ្ងល់ទេរូបភាពដែលបងភាវីបាញ់ឱ្យបងមើលអម្បាញ់មិញនេះ គឺខ្ញុំជាអ្នកលួចថតបញ្ជូនទៅគាត់ដើម្បីឲ្យដឹងថាបងកំពុងទំនាក់ទំនងស្នេហាជាមួយស្រីផ្សេងហើយ។ ការពិតគឺអ៊ីចឹងសោះបានជាបងមិនដែលឃើញទៅលេងផ្ទះខ្ញុំ និងប៉ាខ្ញុំរួចថែមទាំងផ្ដាច់ទំនាក់ទំនងជាមួយបងភាវីមែនទេ? (សោមាបន្ថែមសម្ដីចុងក្រោយ)
– ខុសហើយ មិនពិតទេរឿងនេះមិនមែនជាកំហុសរបស់បងឡើយ។ ការពិត ភាវី បងទូរសព្ទទៅច្រើនលើកច្រើនសាណាស់តែនាងមិនព្រមទទួលទូរសព្ទបងទេរួចថែមទាំងផ្តាច់ទូរសព្ទឈប់ឲ្យបងទំនងលែងបានទៀត។ ចំណែកអូន និងអ៊ំប្រុសអ៊ំស្រីវិញ បងតែងតែទូរសព្ទទៅសួរសុខទុក្ខគាត់រួចថែមទាំងចង់ទៅលេងនឹងគាត់ដែរ តែពេលបងទៅដល់ត្រូវអង្គរក្សរបស់អូនមិនឲ្យចូលផ្ទះឡើយ។ ដោយហេតុនេះហើយទើបបងយល់ថា គ្រួសារអូនមានសុភមង្គលហើយ បងមិនហ៊ានទៅរំខានទៀតទេ។
– នេះគ្រាន់តែជាលេសរបស់បងទេដឹង? ( សោមានិយាយបញ្ជោះពីក្រោយ)
– ជាការពិត បងឯណាដែលហ៊ានស្រលាញ់ស្រីថ្មី គ្រាន់តែភាវិមួយធ្វើឱ្យបងរាងចោលហើយ ព្រោះស្នេហ៍ដំបូងប៉ះលើស្នេហ៍ដូចខ្យល់!
– យ៉ាងម៉េចក៏ដោយក៏បងត្រូវចាត់ទុកថា នៅមានខ្ញុំម្នាក់ដែរតើដែលជួយបងបាន តែនេះបងប្រែចិត្តលឿនពេករហូតមានស្រីថ្មីនៅពីមុខខ្ញុំ តើឱ្យខ្ញុំសម្ងំស្ងៀមមិនយករឿងនេះប្រាប់បងភាវីកើតដែរ?
– តើទាំងអស់នេះជាកំហុសរបស់បង ឬកំហុសរបស់ភាវី ? សម្រាប់រូបបង នៅតែរក្សាភាពស្មោះត្រង់និងរក្សាស្នេហាបរិសុទ្ធចំពោះភាវីជានិច្ច អូនដឹងទេដោយសារតែទឹកប្រាក់ទាក់យកភាវីពីបេះដូងរបស់បងធ្វើឲ្យនាងបំភ្លេចបងយ៉ាងឆាប់រហ័សណាស់។ ដូច្នេះតើឲ្យបងទ្រាំម្ដេចបានត្រូវតែហ៊ានលះបងស្នេហានេះទុកឱ្យភាវីមានសុភមង្គលចុះ ព្រោះបុរសដែលភាវីផ្ញើបេះដូងនោះគេជាអ្នកមាន មិនក្ររហេមរហាមដូចបងនោះទេ។
និយាយស្ទើរចប់បន្ទាន់ អ្នកបើករថយន្តឱ្យសោមាបានបន្តពីក្រោយថា
– ធម្មតាទេមនុស្សប្រុស សូមអ្នកស្រីសោមាកុំឆ្ងល់ បើឃ្លាតកាយច្បាស់ជាណាចិត្តហើយ…យ៉ាងណាមិញតាមខ្ញុំស្ដាប់រឿងនេះ ប្រហែលខាងប្រុសចិត្តរេដូចចុងស្រល់នឿយណាយនឹងខាងស្រីដែលឃ្លាតឆ្ងាយហើយមើលទៅ បានជាប្រែក្រឡាស់ចិត្តទៅមានស្រីថ្មីលឿនម៉្លេះ? តោះកុំនៅគិតយូរឥតប្រយោជន៍ ព្រោះលោកឧកញ៉ាកំពុងរង់ចាំនៅកន្លែងធ្វើការឯណោះ។
និយាយស្ទើរចប់បន្ទាន់អ្នកបើកបររថយន្តឱ្យសោមាបានបញ្ជារថយន្តបោះពួយយ៉ាងលឿនទៅមុខចាកចេញទៅបាត់ រកតែកំលោះយើងឆ្លើយតបវិញមិនទាន់។
នេះជាសកម្មភាពរបស់សោមា សង្កត់ផ្លូវចិត្តមកលើកំលោះវិសាលមួយទៀត បន្ទាប់ពីបងស្រីរបស់នាងចោទថា រូបគេជាអ្នកផ្ដាច់ចំណងស្នេហ៍ និងលែងរាប់អានគ្រួសាររបស់នាង។
រថយន្តរបស់សោមា បានចាកចេញពីមុខកំលោះយើងបានប៉ុន្មាននាទីប៉ុណ្ណោះ ស្រាប់តែមានកម្លាំងសមត្ថកិច្ចចម្រុះតឺនុយប៉ូលិសផង ស៊ីវិលផង ឈប់រថយន្ត និងម៉ូតូ ក្បែរវិសាលហើយបានស្រែកសួរថា
– តើប្អូនឯងស្គាល់នារីរូបនេះយូរហើយមែនទេ?
វិសាល ស្រឡាំងកាំងហើយក៏ឆ្លើយទាំងប្រថុយថា ទើបតែស្គាល់នាងម្ដងនេះទេលោក តើនាងប្រព្រឹត្តអ្វីខុសឬបានជាកម្លាំងសមត្ថកិច្ចដេញចាប់ប្រផាប់ប្រភីងយ៉ាងនេះ? ( នៅមានត)