ភ្លើងឆេះក្លឹបរាត្រីនៅ North Macedonia សម្លាប់មនុស្សយ៉ាងតិច ៥០នាក់

ចែករំលែក៖

អគ្គិភ័យបានឆាបឆេះពេលប្រគំតន្ត្រីនៅក្លឹបរាត្រីមួយកន្លែងនៅអឺរ៉ុបភាគអាគ្នេយ៍នៃប្រទេសម៉ាសេដូនាខាងជើង ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 50 នាក់ ។

មនុស្សប្រហែល 1,500 នាក់បានប្រមូលផ្តុំគ្នានៅក្លឹបរាត្រីមួយក្នុងទីក្រុង Kocani ដោយចូលរួមក្នុងព្រឹត្តិការណ៍មួយដោយក្រុមហ៊ីបហប DNK នៅពេលដែលអគ្គិភ័យបានឆាបឆេះនៅម៉ោងប្រហែល 3 ទៀបភ្លឺថ្ងៃទី 16 ខែមីនាដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 50 នាក់។
បណ្តាញព័ត៌មានអនឡាញ SDK បានដកស្រង់ប្រភពសង្គ្រោះដោយនិយាយថា មនុស្សជាង ១០០ នាក់បានរងរបួស។ អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Kocani ឬទៅ Stip នៅក្បែរនោះ។
រដ្ឋមន្ត្រីមហាផ្ទៃ Panche Toshkovski បាននិយាយថា មនុស្សនៅក្នុងក្លឹបរាត្រីបានប្រើកាំជ្រួច ដែលបណ្តាលឱ្យដំបូលឆេះ។ ប៉ូលិសបានចាប់ខ្លួនបុរសម្នាក់ដើម្បីស៊ើបអង្កេត។
រដ្ឋមន្ត្រី Toskovski បាននិយាយថា “នៅពេលដែលឧបករណ៍បាញ់ភ្លើងត្រូវបានធ្វើឱ្យសកម្មផ្កាភ្លើងបានចាប់នៅលើពិតាននធ្វើពីវត្ថុដែលងាយឆេះ ហើយក្នុងរយៈពេលដ៏ខ្លី ភ្លើងបានឆេះរាលដាលពេញក្លឹបរាត្រីទាំងមូល បង្កើតឱ្យមានផ្សែងក្រាស់” ។
វីដេអូដែលបានបង្ហោះលើបណ្តាញសង្គមបានបង្ហាញថា អគារកំពុងឆេះហើយមានផ្សែងហុយមកលើមេឃពេលយប់។ ភ្លើងបានឆេះរាលដាលយ៉ាងលឿនពេញពិតាននៃក្លឹបរាត្រី។ អ្នកស្លាប់និងរបួស មួយចំនួនទំនងជាត្រូវបានជាន់ឈ្លី ខណៈដែលពួកគេព្យាយាមរត់គេចខ្លួន។
នាយករដ្ឋមន្ត្រីម៉ាសេដូនាខាងជើង លោក Hristijan Mickoski បានសរសេរនៅលើបណ្តាញសង្គម X ថា “នេះគឺជាថ្ងៃដ៏លំបាក និងសោកសៅបំផុតសម្រាប់ប្រទេសម៉ាសេដូនា។ ការបាត់បង់ជីវិតវ័យក្មេងជាច្រើនមិនអាចទទួលយកបាន ហើយការឈឺចាប់របស់គ្រួសារ សាច់ញាតិ និងមិត្តភក្តិរបស់ពួកគេគឺធំធេងណាស់” ។
ក្រុមគ្រួសារជនរងគ្រោះកំពុងប្រមូលផ្ដុំនៅខាងក្រៅមន្ទីរពេទ្យ និងទីស្នាក់ការរដ្ឋាភិបាលក្រុង រង់ចាំព័ត៌មានបន្ថែម។
ម៉ាសេដូនាខាងជើង គឺជាប្រទេសគ្មានដីគោកនៅអឺរ៉ុបភាគអាគ្នេយ៍ ដែលមានផ្ទៃដីជាង 25,000 km2 និងមានប្រជាជនជាង 1.8 លាននាក់។ ប្រទេសនេះមានព្រំប្រទល់ដីជាប់ជាមួយក្រិកនៅខាងត្បូង អាល់បានីនៅខាងលិច ប៊ុលហ្គារីនៅខាងកើត កូសូវ៉ូនៅភាគពាយព្យ និងស៊ែប៊ីនៅខាងជើង។ ទីក្រុង Kocani ស្ថិតនៅភាគខាងកើតប្រទេសម៉ាសេដូនា ដែលមានប្រជាជនប្រហែល 30,000 នាក់៕ ដោយធីរីណា

...

រូបថត​: vnexpress

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print