លួចម៉ូតូបានសម្រេចហើយ​ ទុកម៉ូតូខ្លួនឯងចោល​ ពេលត្រលប់មកយកវិញជាប់ខ្នោះសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ចោរស្ទើរភ្លើង២នាក់ បានជិះម៉ូតូរបស់ខ្លួនមកធ្វើសកម្មភាពលួចកាត់សោម៉ូតូគេបានសម្រេច រួចក៏នាំគ្នាជិះម៉ូតូជនរងគ្រោះគេចខ្លួនបាត់ ដោយបន្សល់ទុកម៉ូតូរបស់ខ្លួនដែលជិះមកធ្វើសកម្មភាពនោះ ហើយបានប៉ុន្មានម៉ោងក្រោយមក ក៏ត្រលប់មកយកម៉ូតូវិញត្រូវជនរងគ្រោះនិងសមត្ថកិច្ចចាប់ជាប់ទាំង២នាក់តែម្តង ។

ករណីឃាត់ខ្លួនចោរលួចម៉ូតូខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះ១៨៧ ផ្លូវលេខ ១៤៦ហ្សេត ក្រុមទី២៨ ភូមិ១០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយជនសង្ស័យធ្វើសកម្មភាពលួចនៅវេលាម៉ោងប្រហែល ១០និង៣០នាទីព្រឹក ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះទី១-ឈ្មោះ ចាន់ វាសនា ហៅ ស៊ូ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅភូមិ វត្តជួស ឃុំខ្វាវ ស្រុកត្រាំកក់ ខេត្តតាកែវ និងទី២-ឈ្មោះ កាន ពៅ ហៅ ពៅ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅពុំពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះ គង់ ឆឹង ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរជាងជួសជុលទូរទស្សន៍ ស្នាក់នៅផ្ទះលេខ១៥១សេអឺ០ ផ្លូវលេខ១៨២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ សម្ភារបាត់បង់ម៉ូតូមួយគ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរី២០០៨ ពាក់ស្លាកលេខភ្នំពេញ 1AD-5523 ។ រីឯវត្ថុតាងចាប់យកមាន ម៉ូតូមួយគ្រឿងម៉ាកសង់ចិន ពណ៌ខ្មៅ គ្មានស្លាកលេខ និងដែកកែច្នៃសម្រាប់ឆ្កិះសោចំនួន៣ ។

មន្រ្តីដដែរបានបន្តទៀតថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ១០និង៣០នាទី ព្រឹកជនរងគ្រោះបានចត  ម៉ូតូទុកនៅកន្លែងកើតហេតុដោយចាក់សោ.កត្រឹមត្រូវ ហើយចូលធ្វើការនៅក្នុងផ្ទះ ពេលនោះស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូសង់ចិន បានមកឈប់ក្បែរម៉ូតូរបស់ជនរងគ្រោះ ហើយបានលួចយកម៉ូតូជនរងគ្រោះទៅបាត់ ដោយបានទុកម៉ូតូពួកវា ( សង់ចិន) នៅកន្លែងកើតហេតុ រហូតដល់ម៉ោងប្រហែល ១៦និង១៥នាទីរសៀល  ស្រាប់តែជនសង្ស័យទាំង២បានត្រឡប់មកវិញ ដើម្បីមកយកម៉ូតូរបស់ខ្លួននោះ ក៏ត្រូវជនរងគ្រោះសហការជាមួយសមត្ថកិច្ចឃាត់ខ្លួនបានជាក់ស្តែងតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕

IMG_1176

ដោយ៖ ស ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print