ផ្ដល់ Laptop រហូតដល់១៥គ្រឿងដល់សិស្សបាក់ឌុបពិន្ទុខ្ពស់ជាងគេនៅស្វាយរៀង

ចែករំលែក៖

ភ្នំពេញ៖ ព្រះតេជគុណព្រះនាម នី សុវណ្ណមុនីរ៉េត ដែលកំពុងគង់នៅវត្តនាគវ័ន បានសន្យាថានឹងផ្ដល់ Laptop ម្នាក់មួយគ្រឿងដល់សិស្សបាក់ឌុបទទួលបានលំដាប់ពិន្ទុខ្ពស់ជាងគេ ១០នាក់ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៦ នៅខេត្តស្វាយរៀង។ ព្រះតេជគុណបានប្រកាសចំថ្ងៃរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ថានឹងបង្កើនកុំព្យូទ័ររហូតដល់១៥គ្រឿងដល់សិស្សដែលមានពិន្ទុលំដាប់ខ្ពស់១៥នាក់នៅខេត្តនេះ។

ព្រះអង្គ នី សុវណ្ណមុនីរ៉េត បានមានថេរដីកាថាកាលពីពេលកន្លងទៅ អាត្មាភាពធ្លាប់បានសន្យាម្ដងរួចមកហើយក្នុងការផ្ដល់ រង្វាន់កុំព្យូទ័រ Laptopថ្មីចំនួន១០គ្រឿង ដល់សិស្សជាប់បាក់ឌុប ដែលចូលរួមប្រលងថ្ងៃទី២២ -២៣ សីហា ២០១៦ ទទួលបានពិន្ទុច្រើនជាងគេ ក្នុងខេត្ត ស្វាយរៀង  ប៉ុន្តែនៅថ្ងៃនេះដោយមានសទ្ធាជ្រះថ្លាពីញាតិញោមជាបន្តបន្ទាប់  អាត្មភាពសូមជូន៥គ្រឿងបន្ថែមទៀត។

ការសម្រេចផ្ដល់រង្វាន់កុំព្យូទ័រចំនួន១៥គ្រឿងដូចបានរៀបរាប់ខាងលើ ក៏ព្រោះតែអាត្មាភាព គឺជាអ្នកមានដើមកំណើតមកពីខេត្តស្វាយរៀងដូចគ្នា  ដោយចង់ចូលរួមលើកទឹកចិត្តដល់ប្អូនៗ ក្មួយៗ ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីចូលរួមអភិវឌ្ឍន៍ក្រុមគ្រួសារក៏ដូចជាប្រទេសជាតិឲ្យមានការរីកចម្រើន។ ព្រះអង្គមានងថេរដីកាបន្តថាដោយសារព្រះអង្គមានដើមកំណើតមកពីខេត្តស្វាយរៀង ទើបចង់ផ្ដល់រង្វាន់ឲ្យសិស្សប្រលងថ្នាក់ទី១២ នៅក្នុងខេត្តនេះ ដើម្បីលើកទឹកចិត្តឲ្យពួកគេខិតខំរៀនសូត្របន្ត។ លើសពីនេះ ព្រះអង្គបានបន្តទៀតថា ប្រសិនបើពួកគេគ្មានកន្លែងស្នាក់នៅពេលមករៀននៅភ្នំពេញ ព្រះអង្គនឹងស្វះស្វែងរកកន្លែងស្នាក់នៅជូនពួកគេ។

បន្ទាប់ពីប្រកាសលទ្ធផល ព្រះអង្គ នី សុវណ្ណមុនីរ៉េត នឹងទាក់ទងទៅប្រធានមន្ទីរអប់រំខេត្តស្វាយរៀង ឬសិស្សដែលដឹងថាខ្លួនបានទទួលលំដាប់ពិន្ទុខ្ពស់ជាងគេក្នុងចំណោម ១៥នាក់ អាចទាក់ទងមកកុដិលេខ២៤ វត្តនាគវ័ន រាជធានីភ្នំពេញដោយផ្ទាល់ក៏បាន។សូមបញ្ជាក់ថាកុំព្យូទ័រ Laptopថ្មីទាំង១៥ គ្រឿងនេះ សម្រាប់តែអ្នកដែលទទួលបាន ពិន្ទុច្រើនជាងគេ ក្នុងខេត្តស្វាយរៀងប៉ុណ្ណោះ ដោយមិនគិតពីនិទ្ទេសឡើយ ហើយក្នុងម្នាក់ទទួលបាន១គ្រឿង។

គួរបញ្ជាក់ដែរថាការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះដឹងទូទៅ និងបំពេញវិជ្ជា ឆ្នាំ២០១៦ ប្រព្រឹត្តទៅ ២ថ្ងៃ គឺថ្ងៃទី ២២ និង ២៣សីហា ដោយមានបេក្ខជនប្រលងសរុបចំនួន ៩៣.៧៥២ នាក់។ ចំណែកមណ្ឌលប្រលងមានចំនួន ១៥៧មណ្ឌល ចែកចេញជា ៣.៧៨១បន្ទប់ នៅរាជធានី ខេត្តទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា៕

1 (1) 1 (2) 1 (3) 1 (4) 1 (1)

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print