ខេត្តព្រះសីហនុ៖ យ៉ាងតិចមានបុគ្គលិកក្រុមហ៊ុនរោងចក្រផលិតស្រាបៀរអង្គរប្រមាណជិត៣០០នាក់ បាននាំគ្នាមកប្រមូលផ្តុំមុខរោងចក្រជាមួយនឹងការកាន់បដាជាច្រើនកាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ដោយជំទាស់ទៅនឹងការសម្រេចរបស់ក្រុមហ៊ុនបញ្ឈប់ប្រធានផ្នែកឃ្លាំង ឈ្មោះ លឹម រ័ត្ន ។
គេបានរាយការណ៍មកថា បុគ្គលិកដែលតវ៉ាជាច្រើននាក់នោះ គឺផ្នែកឃ្លាំងផលិតផលសម្រេច និងវត្ថុធាតុដើម ខាងអនាម័យ ស្ងោរ ច្រោះបៀរ ច្រក វេចខ្ចប់ ដោយពួកគាត់ជំទាស់ទៅនឹងការសម្រេចរបស់ក្រុមហ៊ុនដកលោកលឹម រ័ត្ន ដូច្នេះ សុំឲ្យក្រុមហ៊ុនទទួលយកលឹម រ័ត្នវិញ ដោយគាត់គ្មានកំហុស និងសុំឲ្យក្រុមហ៊ុនបញ្ឈប់ការងារជាបន្ទាន់ទៅលើឈ្មោះ YK VONG ជនជាតិម៉ាឡេស៊ី ប្រធានផ្នែកឃ្លាំង ដែលប្រើសម្តីអសីលធម៌ មិនត្រឹមត្រូវមកលើបុគ្គលិកជាពលរដ្ឋខ្មែរ ។ មកទល់នឹងពេលនេះ ខាងក្រុមហ៊ុនមិនទាន់អនុញ្ញាតឲ្យភាគីលោក លឹម រ័ត្ន ចូលជួបនៅឡើយទេ ៕
ដោយ៖ សុខ ខេមរា