ភ្នំពេញ÷ ឧត្តមសេនីយ៍ទោឡេ មិញគឿកអតីតប្រធានស្នងការនយោបាយ យោធភូមិភាគទី២ បានដឹកនាំប្រតិភូ សមាគមមិត្តភាពវៀតណាម-កម្ពុជា អតីតកងទ័ពស្ម័គ្រចិត្តរណសិរ្ស៤៧៩ តំបន់ហាណូយ ហៅកាត់ថា សមគមរណសិរ្ស៤៧៩ បានជំរាបជូនសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ថា លោកនិងប្រតិភូអមដំណើរទាំងអស់មានសេចក្តីរំភើបឥតគណនាបន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា និងបានឃើញការរីកចម្រើនមិនអាចនឹកស្មានដល់ បើប្រៀបធៀបទៅនឹងអតីតកាល។
ការលើកឡើងរបស់ឧត្តមសេនីយ៍ទោឡេ មិញគឿក នាពេលនេះ បានធ្វើឡើងគ្រាដែលប្រតិភូនេះ បានមកបំពេញទស្សនកិច្ចនៅកម្ពុជាហើយត្រូវបានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអបអរសាទរចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូនាពេលនេះ ស្របពេលដែលរាជរដ្ឋាភិបាលនីតិកាលទី៧ កំពុងដំណើរការយ៉ាងល្អ ទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសន្តិសុខជាតិ តាមរយៈនៃការបោះឆ្នោតប្រកបដោយតម្លាភាព ត្រឹមត្រូវ យុត្តិធម៌ ប្រជាធិបតេយ្យ សេរីពហុបក្ស តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។
សម្តេចកិត្តិសង្គហបណ្ឌិតបានរំលឹកអំពីចំណងមិត្តភាពរវាងប្រជាជននិងប្រទេសទាំងពីរ ដែលមានជាប្រវត្តិសាស្ត្រជាយូរលុងណាស់មកហើយ ក្នុងឋានៈជាអ្នកជិតខាងល្អ ធ្លាប់បានតស៊ូប្រឆាំងសត្រូវរួម និងបានសហការជួយគ្នាទៅវិញទៅមក ទាំងសន្តិសុខ ទាំងការពង្រីកសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌជាតិ និងក្របខ័ណ្ឌឯកជន ពិសេសយើងចាំមិនភ្លេចទេ ដែលកងទ័ពប្រជាជនវៀតណាមបានស្ម័គ្រចិត្តជួយរំដោះប្រជាជនកម្ពុជាឱ្យរួចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ប៉ុលពត ។
ឧត្តមសេនីយ៍ទោឡេ មិញគឿក បានថ្លែងអំណរគុណសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានអនុញ្ញាតឱ្យប្រតិភូចូលជួបសម្តែងការគួរសម ព្រមទាំងបានបង្ហាញពីវឌ្ឍនភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន ដែលអាចវាយតម្លៃបានថា៖ កម្ពុជាពិតជាព្រះរាជាណាចក្រអច្ឆិរយៈ ដែលខុសគ្នាដាច់ស្រឡះកាលពី៤៦ឆ្នាំកន្លងទៅ ព្រោះពីមុនជាទីវាលពិឃាត និងហេដ្ឋារចនាសម្ព័ន្ធនានាស្ថិតនៅក្នុងចំណុចសូន្យ ឥឡូវបានក្លាយជាកន្លែងអភិវឌ្ឍន៍ឥតឈប់ឈរ ជីវភាពប្រជាជនសម្បូរធូរធារ និងបានក្លាយជាប្រទេសជាតិមួយស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសអភិវឌ្ឍន៍ផងដែរ ។
ជាការឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំការសួរសុខទុក្ខ ពីសម្តេចតេជោ ផ្ញើជូនប្រតិភូទាំងអស់ប្រកបដោយការនឹករលឹក និងសូមឱ្យកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរបន្តកិច្ចសហការគ្នាឱ្យកាន់រឹងមាំថែមទៀត ក្នុងន័យបម្រើឱ្យផលប្រយោជន៍រួម ដើម្បីជ្រោងទង់កសាងជាតិឱ្យកាន់តែអភិវឌ្ឍន៍ខ្លាំងក្លា ស្មើភាពគ្នាជាមួយប្រទេសក្នុងតំបន់ និងនៅលើពិភពលោក ហើយក៏សុំឱ្យដំណើទេសចរណ៍ទៅកាន់តំបន់ផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា របស់ប្រតិភូ ទទួលបានជោគជ័យ ៕