គួរឱ្យសង្វេគ ! រញ្ជួយដី៖ អ្នកស្លាប់នៅមីយ៉ាន់ម៉ាកើនដល់ ៦៩៤នាក់ ខណៈថៃមាន១០នាក់

ចែករំលែក៖

អន្តរជាតិ ៖ នៅក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា មនុស្សយ៉ាងហោចណាស់ ៦៩៤នាក់ បានបាត់បង់ជីវិត ក្រោយគ្រោះរញ្ជួយដីកម្រិត ៧,៧រិចទ័រ។ នេះបើតាមយោធាមីយ៉ាន់ម៉ា បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥។
ទន្ទឹមនេះ បណ្តាប្រទេសជាច្រើន បានប្រកាសបញ្ជូនក្រុមជួយសង្រ្គោះទៅមីយ៉ាន់ម៉ា ដើម្បីជួយប្រជាជន កំពុងរងគ្រោះ ឆក់ជីវិតមនុស្សដោយគ្រោះធម្មជាតិដ៏សាហាវនេះ ។
សូមបញ្ជាក់ថា ៖ នៅប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានជួបគ្រោះរញ្ជួយដីកម្រិត ៧,៧រិចទ័រ ដោយមានជម្រៅ១០គីឡូម៉ែត្រ នៅក្នុងក្រុង Sagaing ដោយហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានបំផុត រួមទាំងស្ពាន និងផ្ទះសម្បែង។ ក្រោយគ្រោះធម្មជាតិនេះ លោក មីន អ៊ុងឡាំង មេដឹកនាំមីយ៉ាន់ម៉ា បានប្រកាសថា មនុស្សយ៉ាងហោចណាស់ ៦៩៤នាក់ បានបាត់បង់ជីវិត និងរបួសជាច្រើននាក់។ អ្នកស្លាប់អាចបន្តកើនឡើង ដោយសារចំនួនអ្នកបាត់ខ្លួន នៅមានតាមគំនរអគារបាក់បែក ។
ក្រោយការខូតខាតមានទំហំធំ របបសឹកមីយ៉ាន់ម៉ា បានដាក់តំបន់ចំនួន ៦ក្នុងស្ថានភាពអាសន្ន ហើយស្នើសុំជំនួយពីសហគមន៍អន្តរជាតិ។
ទាក់ទិននឹងបញ្ហានេះ ចិន រុស្ស៊ី ម៉ាឡេស៊ី និងបណ្តាប្រទេសផ្សេងទៀត បានប្រកាសបញ្ជូនក្រុមជួយសង្រ្គោះទៅមីយ៉ាន់ម៉ា។ ចំណែកអង្គការសហប្រជាជាតិ ក៏រៀបចំក្រុមជួយសង្រ្គោះ ទៅជួយផងដែរ។ ដោយឡែកអាម៉េរិក បានត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ជំនួយមនុស្សធម៌ទៅមីយ៉ាន់ម៉ា ក្នុងករណីទទួលបានការស្នើសុំជាផ្លូវការ។
ចំណែកករណីបាក់អគារនៅថៃ មនុស្សយ៉ាងហោចណាស់ ១០នាក់ បានស្លាប់បាត់បង់ជីវិត ខណៈមនុស្សច្រើនជាង ១០០នាក់ កំពុងបាត់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
គ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បានបង្កឱ្យមានរំញ័រដល់បណ្តាប្រទេសផ្សេងៗដូចជាថៃ បង់ក្លាដែស ឡាវ ចិន និងវៀតណាមជាដើម។
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្រកាសភាពអាសន្ននៅតំបន់ចំនួន៦ និងបានអំពាវនាវរកការផ្តល់ជំនួយមនុស្សធម៌ពីអន្តរជាតិ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំសម្បើមមួយ បានវាយប្រហារប្រទេសអាស៊ានមួយនេះ ហើយជះឥទ្ធិពលញ័ររញ្ជួយដល់បណ្តាប្រទេសក្បែរខាង ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥។
ប្រមុខរដ្ឋាភិបាលយោធា លោក Min Aung Hlaing ធ្វើដំណើរចុះទៅដល់មន្ទីរពេទ្យមួយកន្លែង នៅរដ្ឋធានីណៃពិដោ ជាទីដែលអ្នករងរបួសទាំងឡាយ កំពុងទទួលការសង្រ្គោះព្យាបាល ក្រោយគ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ បានវាយប្រហារតំបន់ Mandalay ភាគកណ្តាលប្រទេស។
យោងតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីអាមេរិក USGS គឺនៅរសៀលថ្ងៃសុក្រនេះ រញ្ជួយដីមួយកម្រិត៧.៧រ៉ិចទ័រ បានវាយប្រហារនៅចម្ងាយប្រហែល១៧គីឡូម៉ែត្រ ពីទីក្រុង Mandalay ជាទីដែលមានមនុស្សរស់នៅ១.២លាននាក់ ក្នុងជម្រៅត្រឹម ១០គីឡូម៉ែត្រក្រោមផ្ទៃដី ហើយប៉ុន្មាននាទីក្រោយមក ក៏មានរញ្ជួយដីមួយទៀតកម្រិត៦.៤រ៉ិចទ័រ កើតឡើងចំតំបន់ដដែល។
គួរបញ្ជាក់ថា មកទល់ពេលនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ា នៅតែមិនទាន់ផ្តល់ព័ត៌មានបឋម អំពីទំហំនៃការបំផ្លិចបំផ្លាញ ឬមនុស្សរងគ្រោះថ្នាក់បាត់បង់ជីវិត និងរងរបួសនៅឡើយទេ។ ប៉ុន្តែបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងការចែកចាយរូបភាពក៏ដូចជាវីដេអូ នៅលើបណ្តាញទំនាក់ទំនងសង្គម គ្រោះរញ្ជួយដីខាងលើ បានធ្វើឱ្យអគារជាច្រើនដួលរលំ ហើយបង្កការខូចខាតចំពោះហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រួមមានទាំង ស្ពាន និងផ្លូវថ្នល់។ ហេតុការណ៍រញ្ជួយផែនដីនេះ ក៏បានជះឥទ្ធិពលញ័ររង្គើដល់ប្រទេសជិតខាងផងដែរ ជាពិសេសប្រទេសថៃ ដែល មានអគារខ្ពស់កំពុងសាងសង់១ខ្នង ដួលរលំទាំងស្រុង ហើយអគារខ្ពស់មួយចំនួនទៀត រងការខូចខាត៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print