ភ្នំពញេ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿងដឹកនារីវ័យក្មេងម្នាក់ ទៅបុកខឿនផ្លូវបណ្ដាលឲ្យខូចខាតបន្តិចបន្តួច រីឯរថយន្តបែកយ៉ាន់កង់មុខក្រោយចំហៀងខាងឆ្វេងទៅមុខលែងរួច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង ២០ នាទីយប់ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្លូវភ្លោះលេខ១០០៧ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BS-9108 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងនារីម្នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០០៧ក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកខឿនផ្លូវភ្លោះបណ្តាលឲ្យ ខូចខាតតិចតួច ហើយរថយន្តបន្តល្បឿនបើកទៅមុខវិលមួយជុំក៏បានដាច់កង់ទាំងមុខទាំងក្រោយនៃចំហៀងខាងឆ្វេងធ្វើឱ្យរថយន្តទៅមុខលែងរួច ។
ក្រោយកើតហេតុនារីវ័យក្មេងដែលរួមដំណើរជាមួយបានគេចចេញពីកន្លែងកើតហេតុបាត់នៅតែអ្នកបើកបរនិងរថយន្ត ត្រូវសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕ដោយ ៖ ភារ៉ា ដង្កោ