នៅដើមឆ្នាំ ១៩៧៦ ខ្ញុំទៅធ្វើស្រែជាមួយកងចល័ត្នពីភូមិមួយ ទៅភូមិមួយទៀត។ ចាស់ៗក្នុងភូមិណាស្ទូងឬច្រូតមិនទាន់ អង្គការបានឲ្យក្រុមកងចល័តរបស់ខ្ញុំដែលមានអាយុ ១៤ ទៅ ១៥ ឆ្នាំទៅជួយ។ ខ្ញុំត្រូវទៅជួយស្ទូងស្រូវ ហាលស្រូវ កើបស្រូវដាក់ឃ្លាំង និងយកស្រូវទៅកិនដើម្បីបានអង្ករដាំបាយហូបរួម។ ក្នុងមួយភូមិអង្គការចែកចេញជាក្រុមៗ ដើម្បីមកហូបរួមដែលមានចុងភៅពី ៤ទៅ ៥ នាក់ចាំធ្វើឲ្យហូប។ បាយដែលដាំហូបរួមនៅពេលនោះ មិនមែនដាំដោយប្រើអង្ករសុទ្ធនោះទេ ពេលខ្លះចុងភៅដាំលាយដំឡូងនិងពោត។ ឯម្ហូបវិញមានតែម្ជូរព្រលឹត ម្ជូរត្រកួន និងម្ជូរដើមចេកតែប៉ុណ្ណឹង។ នៅពេលអត់ឃ្លានដូច្នេះ ខ្ញុំតែងតែទៅសុំអំបិលពីចុងភៅជាញយដងយកមកសន្សំទុកឲ្យបានច្រើនរហូតដល់ចុងភៅឆ្ងល់ តែពួកគេមិនសួរនាំខ្ញុំអ្វីច្រើនដែរ គ្រាន់តែរអ៊ូថាសុំម្តងហើយម្ដងទៀត មិនចេះចប់។ ក្រៅពីសន្សំអំបិលទុក ខែស្ទូងម្ដងៗខ្ញុំស្ទូងស្រូវបណ្ដើរ និងចាប់ក្តាមបណ្ដើរ។ ខ្ញុំចាប់ក្តាមបានក៏យកមកមូរនឹងចង្កេះខោ ឬ ជើងខោ។ ខ្ញុំបានយកក្តាមទាំងនោះមកត្រាំជាមួយអំបិលដែលខ្ញុំសន្សំបាននោះទុកហូបដោយលួចលាក់មិនឲ្យចុងភៅដឹងឡើយ។ ផុតខែស្ទូង ស្រូវចាប់ផ្ដើមបែកគុម្ពហើយក្តាមក៏មានច្រើនដែរនៅក្នុងស្រែ។ អង្គការបន្តប្រើក្រុមកងចល័តមិនឲ្យទំនេរដៃឡើយ។ ខ្ញុំត្រូវអង្គការប្រើឲ្យធ្វើការតាមវាលស្រែ ដូច្នេះខ្ញុំមានឱកាសដើរចាប់ក្តាមយកទៅឲ្យចុងភៅត្រាំហូប ប៉ុន្តែចុងភៅនៅសហករណ៍គ្មានអ្នកណាចេះត្រាំទេ។ ពួកគេគ្រាន់តែដាក់ក្តាមក្នុងធុងស័ង្កសីរួចដាំទឹកក្តៅចាក់ចូលធ្វើឲ្យក្តាមត្រាំនោះខូចអស់ហូបមិនកើត។
ពេលដែលខ្ញុំធ្វើការនៅកងចល័ត មាទី ២ របស់ខ្ញុំត្រូវជាប់គុកនៅព្រៃស្រលិត ព្រោះអង្គការចោទប្រកាន់ថាគ្រួសារខាងប្រពន្ធរបស់គាត់ជាតំណាងរាស្ត្រខេត្តព្រៃវែងតាំងពីសម័យសម្ដេចឪ។ ប្រពន្ធរបស់គាត់កូនខ្ចីមិនអាចទៅសួរសុខទុក្ខគាត់បានទេ ដូច្នេះមានតែម្ដាយរបស់ខ្ញុំប៉ុណ្ណោះដែលទៅមើលប្អូនរបស់គាត់ មានយកម្ហូប និងខោអាវព្រមទាំងថ្នាំសង្កូវផ្ញើទៅមារបស់ខ្ញុំដែរ។ ជាអកុសលរបស់របរដែលម្ដាយខ្ញុំយកទៅទាំងនោះមិនដែលបានទៅដល់មារបស់ខ្ញុំឡើយ ព្រោះត្រូវពួកកម្មាភិបាលយកទុកអស់ហើយ ថែមទាំងវាយធ្វើបាបប្អូនមារបស់ខ្ញុំទៀត។
នៅពាក់កណ្ដាលឆ្នាំ ១៩៧៨ អង្គការចាត់តាំងឲ្យខ្ញុំ និងកងចល័តស្រីៗ ទៅជួយរែកដីជាមួយក្រុមប្រុសៗ ដើម្បីទប់ទន្លេតូច។ ការរែកដីនៅទីនោះ ពិបាកជាងទៅស្ទូងទៅទៀត ព្រោះម្នាក់ៗមិនមានស្បែកជើងពាក់ឡើយ។ យើងត្រូវដើរដោយជើងទៅទេ រហូតពងជើងគ្រប់ៗគ្នា។ ការរែកដីទប់ទន្លេតូចនោះត្រូវចំណាយពេលជិតពីរឆ្នាំទម្រាំអាចចាក់ដីបំពេញស្មើនឹងថ្នល់ហើយឡានដឹកស្រូវអាចបើកឆ្លងកាត់ទៅមកបាន។រាល់ពេលរែកដីរួចម្ដងៗ គេដាក់ធុងបាយដើម្បីយកឲ្យពួកកងចល័តហូប ដោយក្នុងម្នាក់ៗទទួលបានត្រឹមបាយមួយកូនចានតែប៉ុណ្ណោះ។ នៅមុនពេលហូបបាយ ចុងភៅបានយកចានរបស់ខ្ញុំមកដួសបាយវាល់ឱ្យគេគ្រប់គ្នាសិន ព្រោះចានខ្ញុំតូចជាងគេ។ ខ្ញុំត្រូវហូបបាយក្រោយគេរហូត។ បាយត្រឹមមួយកូនចានមិនអាចធ្វើឱ្យខ្ញុំនិងក្រុមកងចល័តឯទៀតហូបឆ្អែតបានឡើយ តែទោះជាហូបមិនឆ្អែត ក៏យើងមិនអាចទទួលបានលើសមួយចានតូចនោះដែរ។
នៅក្នុងរដូវវស្សាខែកក្កដា និងសីហា ឆ្នាំ ១៩៧៨ ទឹកឡើងធំណាស់ លិចភូមិអស់ ហើយប្រជាជនទាំងអស់គ្មានកន្លែងនៅទេ។ ពេលនោះពួកកងចល័តរបស់ខ្ញុំត្រូវអង្គការបញ្ជូនតាមកាណូតទៅសង្កាត់មេសរប្រចាន់វិញ ដោយមួយកាណូតនោះមានផ្ទុកមនុស្សប្រហែល ៥០ នាក់ ជិះកាត់បឹងទ្រាំង បឹងថេរ និងស្ទឹងពារាំង។ ទឹកលិចល្ហាចល្ហឹមមើលឃើញតែចុងឈើលឹមៗងើបផុតពីផ្ទៃទឹក។ ពេលមកដល់ផ្ទះរបស់ខ្ញុំ ទឹកលិចផ្ទះអស់នៅតែទួលវត្តកំពង់ទ្រាទេ។ ភ្លឺឡើង ក្រុមរបស់ខ្ញុំត្រូវអង្គការផ្លាស់ឲ្យទៅជួយ ហាលស្រូវជាមួយចាស់ៗនៅទួលវត្តកំពង់ទ្រា។ ចាប់តាំងពីពេលនោះមក ខ្ញុំបានត្រឡប់មករស់នៅក្នុងស្រុកកំណើតរបស់ខ្ញុំវិញ។ ឯកងចល័តផ្សេងទៀតក៏ទៅនៅតាមភូមិរៀងៗខ្លួន ព្រោះទឹកលិចអស់ហើយគ្មានកន្លែងណាអាចស្ទូង អាចច្រូតបានទៀតទេ។
នៅចុងឆ្នាំ ១៩៧៨ អង្គការបានប្រើឲ្យខ្ញុំទៅដកសំណាបស្ទូងស្រូវនៅឯស្នាយពល ស្រុកពារាំង។ថ្ងៃមួយខ្ញុំកំពុងតែស្ទូងស្រូវជាមួយមិត្តផ្សេងទៀតស្រាប់តែមានគេបោះត្រាក់ (លិខិតប៉ុនៗបាតដៃ) ពីលើយន្តហោះមក។ នៅលើក្រដាសនោះសរសេរពីឈ្មោះអ្នកនេះក្បត់ អ្នកនោះក្បត់ ។ ខ្ញុំបានរើសយកមកមើលឃើញសារក្នុងលិខិតនោះខ្ញុំក៏និយាយជាមួយមិត្តមកពីស្រុកថា ក្បត់ម៉ាបូព៌ាយើងនៅរស់ទេ តែបើយើងក្បត់មួយមជ្ឈឹមអីយើងច្បាស់ជាងាប់ហើយ។ មិនបានប៉ុន្មានផងខ្ញុំឃើញខ្មែរក្រហមបានជម្លៀសប្រជាជនទាំងភូមិៗយកទៅសម្លាប់ចោល។ ប្រជាជននៅភូមិបឹងទិញជាដើម ត្រូវខ្មែរក្រហមជម្លៀសឡើងស្ងាត់ពីភូមិ។ ជួនកាលខ្ញុំសម្លឹងមើលពីត្រើយម្ខាងផ្ទះរបស់ខ្ញុំបានឃើញមាន់ ឆ្កែ ចុះមកផឹកទឹកហើយភូមិខាងនោះឡើងស្ងាត់ឈឹងលែងមានមនុស្សរស់នៅហើយ។ពេលនោះម្តាយរបស់ខ្ញុំត្រូវអង្គការឲ្យទៅច្រូតស្រូវខាងមេមត់។ ឪពុករបស់ខ្ញុំវិញជារឿយៗតែងនាំប្អូនស្រីពៅរបស់ខ្ញុំទៅពួននៅបឹងទិញ ព្យាយាមរកកន្លែងលាក់ខ្លួនរត់ទៅ រត់មក ជាច្រើនសា។
លុះជិតដាច់ឆ្នាំ ១៩៧៨ កងទ័ពវៀតណាមលើកគ្នាមកជាច្រើននាក់ចូលមកភូមិកំពង់ទ្រា។ ពួកគេបានសួរទៅឪពុករបស់ខ្ញុំជាភាសាវៀតណាមឲ្យជួយគេរកកន្លែងឆ្លងទៅត្រើយម្ខាងទៀត។ ឪពុករបស់ខ្ញុំបានឆ្លើយប្រាប់កងទ័ពវៀតណាមដោយភាពស្មោះត្រង់។ វត្តមានរបស់កងទ័ពវៀតណាមធ្វើឲ្យខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំភិតភ័យម្ដងទៀតខ្លាចថានឹងមានការបាញ់ប្រហារគ្នា។ ក្រោយមក លោកតារបស់ខ្ញុំមានវិទ្យុស្ដាប់ប៉ុស្តិ៍អាមេរិកាំងបានប្រាប់កូនចៅអំពីព័ត៌មានដែលបានស្ដាប់នោះថា (មានគេជិតមករំដោះយើងហើយ) ទីបំផុតក្រុមរំដោះក៏រំដោះបានទីក្រុងភ្នំពេញ និងតាមភូមិដោយឲ្យប្រជាជនវិលត្រឡប់មកផ្ទះវិញ៕ (ចប់ដោយបរិបូរណ៍)