ភ្នំពេញ ៖ នារសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ច ប្រជុំគណៈកម្មការដឹកនាំនិងគ្រប់គ្រងគម្រោងសម្ព័ន្ធមេត្រីភាពបរិវត្តកម្មការអប់រំបច្ចេកទេស ដើម្បីពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទ។
ការអនុវត្តកម្មវិធីភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុបលើបរិវត្តកម្មអប់រំបច្ចេកទេសឆ្នាំ២០២៤-២០២៧ដែលមាន កិច្ចសហការរវាងក្រសួងអប់រំយុវជននិងកីឡានិងគម្រោងសម្ព័នមេត្រីភាពសហភាពអឺរ៉ុបដើម្បីលើកកម្ពស់ការ អប់រំបច្ចេកទេសនៅកម្ពុជា មានគោលបំណង៖
១) អភិវឌ្ឍកម្មវិធីសិក្សាផ្នែកអប់រំបច្ចេកទេសដោយបញ្ចូលបញ្ញិត្ត/គោលការណ៍នៃអប់រំបៃតង និងឌីជីថល (Green TVET and Digitalization) ដើម្បីសិស្សទទួលបានចំណេះដឹងជំនាញនិងឥរិយាបថថែរក្សាបរិស្ថាន មានស្មារតីកែច្នៃប្រើប្រាស់ឡើងវិញ សន្សំសំចៃថាមពល ធានាប្រសិទ្ធភាពការងារ ការផ្សារភ្ជាប់ជាមួយចំណង់ចំណូលចិត្តទេពកោសល្យរបស់សិស្សគុណភាព នៃការបណ្តុះបណ្តាលជំនាញឆ្លើយតបទៅតាមតម្រូវការទីផ្សារការងារជាក់ស្តែង នៅក្នុងសហគមន៍ និងជួយគាំ ទ្រដល់ការបន្តការសិក្សារបស់សិស្សនៅកម្រិតសិក្សាបន្ទាប់។
២) រៀបចំកម្មវិធីសិក្សាលម្អិតផ្នែកអប់រំបច្ចេកទេសលើជំនាញកុំព្យូទ័រ អេឡិចត្រូនិក មេកានិក អគ្គិសនី និង ជំនាញកែច្នៃអាហារ។
៣) រៀបចំសៀវភៅសិក្សាផ្នែកអប់រំបច្ចេកទេសលើជំនាញកុំព្យូទ័រ អេឡិចត្រូនិក មេកានិក អគ្គិសនី និងជំនាញ កែច្នៃអាហារ ដោយឈរលើលក្ខណៈវិនិច្ឆ័យទាំង៩ដោយបានអនុម័តដោយគណៈកម្មការដឹកនាំដំណើរការ។
នាឱកាសនេះបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមមន្ត្រី បានឱ្យដឹងថា រាជរដ្ឋាភិបាលមានគោលដៅពង្រីកកម្មវិធីបណ្ដុះបណ្ដាលការអប់រំបច្ចេកទេស និងវិជ្ជាជីវៈបន្ថែមទៀត ដែលទាមទារជាចាំបាច់ឱ្យគម្រោងរឹងមាំ និងច្បាស់លាស់ ព្រមទាំងបានផ្តល់អនុសាសន៍ជូនក្រុមការងារដើម្បីអនុវត្តបន្ត ដូចជា៖ (១) ត្រូវពិនិត្យតាមដានប្រសិទ្ធភាពនៃការអនុវត្តគម្រោងកន្លងមក តាមរយៈការវាយតម្លៃសិស្សក្រោយបញ្ចប់ការបណ្ដុះបណ្ដាល របៀបបង្រៀន សម្ភារៈ និងគ្រូឧទ្ទេស (២) ជួបផ្ទាល់ជាមួយខាងសហគ្រាសនិយោជក សិក្សាពី Feedback របស់និយោជក ដើម្បីបន្តកែលម្អកម្មវិធីឱ្យឆ្លើយតបកាន់តែមានប្រសិទ្ធភាពទៅនឹងទីផ្សារការងារ (៣) សិក្សាពីជំនាញដែលត្រូវបណ្ដុះបណ្ដាលបន្ថែម ឆ្លើយតបនឹងតម្រូវទីផ្សារ ឧស្សាហកម្ម និងសហគមន៍ (៤) ត្រូវរៀបចំគោលនយោបាយច្បាស់លាស់មុនឈានទៅដល់ការអនុវត្ត (៥) រៀបចំផែនការយុទ្ធសាស្ត្រអនុវត្តគម្រោង និងសម្រាប់ការពង្រីក (៦) សិក្សាពីថវិកាដំណើរការ យន្តការជ្រើសរើសសិស្សចូលរៀន ដោយត្រូវពង្រឹងនិងពង្រីកកិច្ចសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានអប់រំបច្ចេកទេស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលមានបទពិសោធ ដើម្បីធានាឱ្យបានភាពជាម្ចាស់ និងនិរន្តរភាពគម្រោង ក្រោយដៃគូអភិវឌ្ឍបញ្ចប់ជំនួយនាពេលអនាគត។
ដើម្បីសម្រេចបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ដែលមាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈជាសេនាធិការនឹងរៀបចំចុះសិក្សាប្រមូលព័ត៌មាន តាមគោលដៅ លើការបញ្ជ្រាបកម្មវិធី Green and Digitalization ក្នុងកម្មវិធីសិក្សាលើជំនាញកុំព្យូទ័រ អេឡិចត្រូនិក មេកានិក អគ្គិសនី កែច្នៃអាហារ, រៀបចំសិក្ខាសាលាអភិវឌ្ឍកម្មវិធីសិក្សាផ្នែកអប់រំបច្ចេក ទេសដែលបញ្ចូលកម្មវិធី Green and Digitalization លើជំនាញ កុំព្យូទ័រ អេឡិចត្រូនិក មេកានិក អគ្គិសនី និងជំនាញកែច្នៃអាហារ។
ការដាក់ឱ្យដំណើរការ ការបណ្តុះបណ្តាល នៅកម្រិត មធ្យមសិក្សាអប់រំបច្ចេកទេស គឺដើម្បីជួយសិស្សឱ្យទទួលបានជំនាញដែលផ្សារភ្ជាប់ការស្រឡាញ់ ការយកចិត្តទុកដាក់ ការពារថែទាំបរិស្ថាន និងការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាព ដោយប្រកាន់ខ្ជាប់គោល ការណ៍អភិវឌ្ឍបៃតងនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលត្រូវនឹងចំណង់ចំណូលចិត្ត ទេពកោសល្យរបស់ខ្លួនស្របតាមតម្រូវការទីផ្សារការងារជាក់ស្តែងនៅក្នុងសហគមន៍ ធានានូវប្រសិទ្ធភាព គុណភាពនៃការបណ្តុះបណ្តាលជំនាញ និងជួយគាំទ្របន្តការសិក្សាផងដែរ តបតាមអនុសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលចង្អុលបង្ហាញឱ្យមានការរៀបចំគន្លងអប់រំ (ការតម្រង់ទិសសិស្ស) ចាប់ពីកម្រិតមធ្យមសិក្សា ដើម្បីឆ្ពោះទៅសម្រេចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង ២០៥០៕