ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ គឺស្ពានអាកាស «មរតកតេជោ» ដែលជាស្ពានអាកាសទី៨ ក្នុងរាជធានីភ្នំពេញ។
សូមជម្រាបជូនថា ស្ពានអាកាសមរតកតេជោ ស្ថិតនៅចំណុចប្រសព្វរវាងខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន។
តាមការគ្រោងទុក ស្ពានអាកាសនេះត្រូវប្រើរយៈពេលសាងសង់ចំនួន ៣៦ខែ ប៉ុន្តែជាក់ស្តែងអាស្រ័យដោយមានការ ខិតខំប្រឹងប្រែងស្ថាបនាទាំងថ្ងៃទាំងយប់ ធ្វើឱ្យការដ្ឋាននេះប្រើរយៈពេលសាងសង់ត្រឹមតែ ៣០ខែប៉ុណ្ណោះ។ ក្នុងនោះដោយមានគោលការណ៍អនុញ្ញាតពីសម្ដេចមហាធិបតីនាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យប្រជាពលរដ្ឋ និងអ្នកដំណើរបានប្រើប្រាស់ជាបណ្តោះអាសន្ននូវសំណង់ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តក្នុងគម្រោង ដែលបានស្ថាបនារួចជាបន្តបន្ទាប់ រួមមាន លើកទី១ ដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននូវស្ពានអាកាសជាន់ទី២ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ និងលើកទី២ ស្ពានអាកាសជាន់ទី១ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។
ស្ពានអាកាសមរតកតេជោ បានចំណាយថវិកាសាងសង់អស់ចំនួន ៣៦.៧៧៥.០០០ដុល្លារ ជាកញ្ចប់ថវិកាបានពីមូលនិធិអភិវឌ្ឍកោះនរា និងថវិកាមួយផ្នែក ដែលនៅសល់ពីការអនុវត្តគម្រោងសាងសង់ស្ពានអាកាសក្បាលថ្នល់ដំណាក់កាលទី២។ ស្ពាននេះ គឺជាស្ពានអាកាសទី១ ដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ស្ពានអាកាសមរតកតេជោ ជាស្ពានអាកាសមានកម្ពស់២ជាន់ និងមានផ្លូវខ្វាត់ខ្វែងច្រើនជាងគេ បើធៀបនឹងស្ពានអាកាសចំនួន៧ដែលដាក់ឱ្យប្រើប្រាស់រួចហើយនោះ។
សូមបញ្ជាក់ថា រាជធានីភ្នំពេញ ដែលធ្លាប់បានគេប្រសិទ្ធនាមជាទីក្រុងខ្មោចក្នុងរបបខ្មែរក្រហមនោះ បានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ដ៏រស់រវើកនាពេលបច្ចុប្បន្នក្រោមម្លប់នៃសុខសន្តិភាពកើតចេញពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ រាជធានីភ្នំពេញ ទទួលបានកំណើនប្រជាពលរដ្ឋ និងការធ្វើចរាចរណ៍យ៉ាងឆាប់រហ័សបំផុត។
កំណើនប្រជាពលរដ្ឋ និងការធ្វើចរាចរណ៍ ធ្វើឱ្យរាជធានីភ្នំពេញជួបការកកស្ទះចរាចរណ៍ខ្លាំង ជាពិសេសចំណុចផ្លូវប្រសព្វ។ ដើម្បីដោះស្រាយការកកស្ទះនេះរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងនីតិកាលកន្លងទៅ បានសាងសង់ស្ពានអាកាសជាបន្តបន្ទាប់។
មកដល់ពេលបច្ចុប្បន្នស្ពានអាកាសចំនួន៨ហើយក្នុងរាជធានីភ្នំពេញ ត្រូវបានសាងសង់រួចរាល់ និងដាក់ឱ្យប្រើប្រាស់។ ស្ពានអាកាសទាំង៨រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ (២៤ មិថុនា ២០១០), ស្ពានអាកាស៧មករា (៦ មករា ២០១២), ស្ពានអាកាសស្ទឹងមានជ័យ (៣១ កក្កដា ២០១៤), ស្ពានអាកាស៥មករា (៥ មករា ២០១៦), ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ» (២ កក្កដា ២០១៨), ស្ពានអាកាសរង្វង់មូលចោមចៅ (៣១ មីនា ២០២២), ស្ពានអាកាសឫស្សីកែវ ស្ថិតលើផ្លូវជាតិលេខ៥ (៣១ ខែឧសភា ឆ្នាំ២០២៣) និងស្ពានអាកាសមរតកតេជោ សម្ពោធដាក់ឱ្យប្រើប្រាស់នាព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥។
ក្រៅពីស្ពានអាកាសទាំង៨នេះ បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ ក៏កំពុងសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ស្ពានអាកាសភ្លោះតម្លៃជាង ១៦លានដុល្លារនេះ ត្រូវបានបើកការដ្ឋានសាងសង់ដោយសម្តេចសម្តេចមហាបវរធិបតី កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ហើយគ្រោងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ៕ដោយ៖តារា