គណៈកម្មការជាតិពិនិត្យសំណើអនុគ្រោះទោសទណ្ឌិត ៩០០នាក់ សម្រាប់បុណ្យចូលឆ្នាំ និងវិសាខបូជា ២០២៥

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានបើកកិច្ចប្រជុំនៅទីស្តីការក្រសួងយុត្តិធម៌ ដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិតសរុប ៩០០នាក់ (ស្ត្រី ៧៦ នាក់) ដែលត្រូវបានស្នើសុំការអនុគ្រោះទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥ ខាងមុខ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិ ដោយមានការចូលរួមពីបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌និងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក នៃគណៈកម្មការថ្នាក់ជាតិ, តំណាងអយ្យការទទួលបន្ទុកមណ្ឌលអប់រំកែប្រែទាំង៤ និងប្រធានមណ្ឌលអប់រំកែប្រែទាំង៤ ព្រមទាំងមន្ត្រីជំនាញមួយចំនួននៃក្រសួងយុត្តិធម៌ និងក្រសួង មហាផ្ទៃ។

តាមរបាយការណ៍ បញ្ជីឈ្មោះទណ្ឌិតទាំងនេះ ត្រូវបានស្នើសុំមកពីពន្ធនាគាររាជធានី-ខេត្តចំនួន ២១ និងមណ្ឌលអប់រំកែប្រែចំនួន ៤ ទូទាំងប្រទេស។ ការស្នើសុំអនុគ្រោះទោស រួមមាន៖

-បន្ធូរបន្ថយទោស ៣ខែ៖ ៥៩៧ នាក់ (ស្រី ៣៩ នាក់)

-បន្ធូរបន្ថយទោស ៦ខែ៖ ១៨៩ នាក់ (ស្រី ១៧ នាក់)

-បន្ធូរបន្ថយទោស ៩ខែ៖ ៧៤ នាក់ (ស្រី ១៥ នាក់)

-បន្ធូរបន្ថយទោស ១២ខែ៖ ១៤ នាក់ (ស្រី ៣ នាក់)

-បន្ថយទោសពីមួយជីវិតមកត្រឹម ៣០ឆ្នាំ៖ ២ នាក់

-លើកលែងទោសទាំងស្រុង៖ ២៤ នាក់ (ស្រី ២ នាក់)

...

លទ្ធផលនៃការពិនិត្យ និងសម្រេចរបស់គណៈកម្មការជាតិ នឹងត្រូវលើកទៅថ្វាយព្រះមហាក្សត្រ ដើម្បីទ្រង់ឡាយព្រះហស្តលេខាសម្រេចចុងក្រោយ តាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print