រថយន្ត​តូយ៉ូតា​ព្រូស​បេីក​បុក​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យរងការ​ខូចខាត​

ចែករំលែក៖

​  ភ្នំពេញៈ​ នារី​វ័យក្មេង​ម្នាក់​បានបេីក​រថយន្ត​តូយ៉ូតា​ព្រូស​ក្នុង​ស្ថានភាព​ស្រវឹង​បានជ្រុល​ទៅ​បុក​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​រថយន្ត​ហោះ​គងលើ​ទ្រូង​ផ្លូវ​រងការ​ខូចខាត​យ៉ាងដំណំ ។
​   ហេតុការណ៍​នេះ​បានកេីត​ឡេីង​នៅ​វេលា​ម៉ោង​១និង​៣០នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ខែ​មេសា​ឆ្នាំ​២០២៥​ ជិត​អគារ​ព្រីន​ផ្លា​ហ្សា​ ផ្លូវ​ព្រះ​នរោត្ដម​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។
​ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេឃើញ​នារី​វ័យក្មេង​ម្នាក់​បេីក​រថយន្ត​ម៉ាក​តូយូ៉តា​ព្រូស​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BE-8402 ធ្វើ​ដំណើរតាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ដោយល្បឿន​លឿន​ លុះ​មកដល់​ចំនុច​កេីតហេតុ​ ដោយសារ​តែស្រវឹង​ទើប​ធ្វើ​ឲ្យ​រថយន្ត​រេចង្កូត​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ បណ្ដាល​ឱ្យខ្ទាតចេញពីជួរអស់​ចំនួន​១កង់​ ព្រម​ទាំង​ធ្វើ​អោយ​រថយន្ត​រងការ​ខូចខាត​ខ្ទេច​ផែ្នក​ខាង​មុខ​ចំហៀងខាង​ឆ្វេង​ ហោះ​គងលើ​ទ្រូង​ផ្លូវ​តែ​ម្តង​  ។
​ ក្នុង​ករណី​នេះ​មិន​មានគ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ​ គឺគ្រាន់​តែ​នារី​ជាអ្នក​បេីក​បរ​ចុះ​ពី​លេី​រថយន្ដ​ក្នុង​ស្ថានភាព​ស្រវឹង​ ហើយ​ក៏ជិះ​ម៉ូតូកង់​បី​ចេញ​ទៅ​បាត់​ ។
​   ក្រោយ​ពេល​កេីតហេតុ​ នៅសល់​តែ​រថយន្ត​ ត្រូវ​សមត្ថកិច្ច​ជំនាញ​ស្ទូច​យក​ទៅ​រក្សា​ទុក​រង់ចាំដោះស្រាយនៅពេលក្រោយ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print