សល់តែមួយថ្ងៃទៀតប៉ុណ្ណោះ! មហាគ្រួសារខ្មែរប្រារព្ធមហាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ចែករំលែក៖

ខេត្តសៀមរាប៖ កម្ពុជារៀបចំនូវព្រឹត្តិការណ៍ចូលឆ្នាំខ្មែរឬ សង្ក្រាន្តឆ្នាំ២០២៥នៅសៀមរាប ពីថ្ងៃទី១៤-១៦ ខែ មេសា ឆ្នាំ២០២៥ ខាងមុខក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»។ សង្ក្រាន្តឆ្នាំថ្មីនេះ នឹងរៀបចំឡើងរហូតទៅដល់ចំនួន៦ទីតាំង គឺនៅបរិវេណប្រាសាទ អង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងសៀមរាប, King’s Road, Pub street និងអង្គរឃ្យុងយូ។

សម្រាប់មហាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥នេះ គឺរឹតតែមានលក្ខណៈពិសេស និងអស្ចារ្យជាងបណ្តាឆ្នាំមុនៗ ដែលធ្វើយ៉ាងណាផ្តល់ស្នាមញញឹម និងផ្តល់ភាពសប្បាយរីករាយដល់មហាក្រុមគ្រួសារខ្មែរ នៅលើទឹកដីអង្គរ ជាមួយនឹងកម្មវិធីកម្សាន្តជាច្រើន អមជាមួយការលេងល្បែងប្រជាប្រិយ រួមនឹងផ្ទាំងទស្សនីយភាពដ៏អស្ចារ្យជាច្រើនទៀត។

លើសពីនេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ នឹងរៀបចំប្លែកពីឆ្នាំមុនៗ ដោយនាំយកទស្សនីយភាពប្លែកភ្នែក បង្ហាញពីវប្បធម៌ខ្មែរ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងដើម្បីផ្តល់ស្នាមញញឹមដល់មហាគ្រួសារខ្មែរទាំងមូល។

ម៉្យាងវិញទៀត កម្មវិធីសម្តែងទស្សនីយភាពចង្វាក់បេះ ដូងអង្គរ ដែលនឹងធ្វើឱ្យអ្នកទស្សនាលេចចេញស្នាម ញញឹម សមដូចព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ ត្រូវបានគេប្រសិទ្ធនាមថា «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»។ក្រៅពីនេះកម្មវិធីកម្សាន្តសប្បាយមានជាច្រើនទៀត មានដូចជា កម្មវិធីភូមិខ្ញុំ,កម្មវិធីការប្រកួតអុកចត្រង្គ, កម្មវិធីក្បួនដង្ហែអង្គរសង្រ្កាន្ត,កម្មវិធីយុទ្ធគុនចម្រុះបុរាណខ្មែរ,កម្មវិធីរបាំបុរាណ ប្រពៃណី និងប្រជាប្រិយ, កម្មវិធីសួនញញឹមអង្គរ, កម្មវិធីតោះៗលេងទឹក, កម្មវិធីសួនមុនីហឫទ័យ, កម្មវិធីផ្សារស្ទឹងសៀមរាប, កម្មវិធីប្រណាំងរទេះគោ ក្របី និងពិធីស្រង់ព្រះជាដើម។

សូមបញ្ជាក់ថាក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តកន្លងមក មានវត្ថុយក្សកម្រិតជាតិ និង ពិភពលោក ប្លែកៗចំនួន ១០ ប្រភេទ រួមមាន នំអន្សមយក្ស រាំម៉ាឌីហ្សុនយក្ស មួកស្លឹកត្នោតយក្ស បំពង់ទឹកត្នោតយក្ស ទាញព្រ័ត្រយក្ស អង្រុតយក្ស កន្ត្រងប្រហុកយក្ស អុកចត្រង្គយក្ស សំបុកពងមាន់យក្ស និង ចាប៉ីដងវែង ខ្នាតយក្ស ។

គួររំលឹកជូនថា ការរាំចង្វាក់ម៉ាឌីហ្សុនដ៏ធំបំផុត ដែលមានអ្នកចូលរួមចំនួន ២.០១៥នាក់ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កាលពីឆ្នាំ២០១៥ បានធ្វើឱ្យកម្ពុជា បំបែកឯតទគ្គកម្មពិភពលោក ហើយក្លាយជាម្ចាស់កំណត់ត្រាហ្គីណេស លំដាប់ពិភពលោកមួយនេះ។ ទន្ទឹមនេះការផលិតចាប៉ីដងវែងខ្នាតយក្ស ក្នុងព្រឹត្តិការណ៍ អង្គរសង្ក្រាន្តកាលពី ឆ្នាំ២០១៧ បានទទួលវិញ្ញាបនបត្រ ពីអង្គការយូណេស្កូ ជាសម្បត្តិបេតិកភណ្ឌរូបិយ ។

...

សូមជម្រាបជូនដែរថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ ត្រូវបានរៀបចំឡើងដំបូងដោយ យុវជនមកពីសហភាពសហព័ន្ធយុវជនកម្ពុជាតាំងពីឆ្នាំ២០១៣មកដែលបានជួយផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី និងពង្រីកសក្តានុពលទីផ្សារទេសចរណ៍ខ្មែរទៅកាន់ពិភពលោក៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print