ខេត្តសៀមរាប ៖ ទីតាំងភូមិខ្ញុំបានត្រៀមខ្លួនរួចជាស្រេច ដោយមានការតុបតែងរចនាបថខ្មែរយ៉ាងស្រស់ស្អាត ដើម្បីទទួលស្វាគមន៍ពុកម៉ែ មាមីង បងប្អូន អញ្ជើញមកទស្សនា។ សកម្មភាពជាច្រើន ដូចជាទស្សនីយភាព ល្បែងប្រជាប្រិយ ការប្រកួតអុកចត្រង្គ និងសកម្មភាពនានា ដែលឆ្លុះបញ្ចាំងពីការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរនឹងត្រូវបានលើកយកមកបង្ហាញនៅក្នុងទីតាំងភូមិខ្ញុំ ស្ថិតនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។
សូមបញ្ជាក់ថា ៖ ទិដ្ឋភាពនៃការរៀបចំ តុបតែង កែលម្អសោភ័ណភាព និងកន្លែងកម្សាន្តសម្រាប់អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ក្រោមប្រធាបទ “ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី”ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នឹងដំណេីរការនាថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ត្រូវរៀបចំឡើងនៅលើទីតាំងចំនួន ៦ ដោយមានកម្មវិធីចំនួន ៣៨ កម្មវិធី ដែលសុទ្ធសឹងជាកម្មវិធីដែលផ្ដល់ជូននូវភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ ពិសេសយុវជន បានចូលរួមស្វែងយល់ពីមរតកវប្បធម៌ខ្មែរជាច្រើនទម្រង់ដែលត្រូវបានលើកយកមករំលេចនៅក្នុងកម្មវិធីនីមួយៗ ក្នុងគោលដៅបំផុសស្មារតីស្រលាញ់ និងលើកស្ទួយវប្បធម៌ជាតិ។
សូមអញ្ជើញពុកម៉ែបងប្អូន មកចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឱ្យបានច្រើនកុះករ ដើម្បីផ្ដិតយករូបភាពស្អាតៗ ព្រមទាំងបានកម្សាន្តអារម្មណ៍តាមរយៈកម្មវិធីនានា នៅតំបន់ផ្សេងៗជាច្រើនទៀត។
#អង្គរសង្ក្រាន្ត
#AngkorSankranta ៕
ដោយ ៖ សិលា