លោក ស៊ី ជីនពីង មកដល់កម្ពុជា ស្វាគមន៍ដោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា និងសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា

ចែករំលែក៖

ភ្នំពេញ ៖ លោក ស៊ី ជីនពីង នឹងចូលគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ ប្រធានាធិបតីចិន នឹងជួបពិភាក្សាជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាផងដែរ និងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

«ខ្ញុំរីករាយណាស់ដែលបានមកលេងប្រទេសកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។ សម្រាប់ខ្ញុំ វាមានអារម្មណ៍ថាទៅផ្ទះរបស់មិត្តល្អម្នាក់។ ខ្ញុំសូមជូនពរចូលឆ្នាំថ្មីយ៉ាងកក់ក្ដៅបំផុតចំពោះបងប្អូនក្នុងប្រទេសកម្ពុជា»។ លោក ស៊ី ជិនពីងបានបញ្ជាក់បែបនេះនៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសចិននៅថ្ងៃទី១៧ ខែមេសា។

ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល ២ថ្ងៃ គឺថ្ងៃទី១៧-១៨ ខែមេសា។ នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសចិន លោក ស៊ី ចាត់ទុកកម្ពុជា ជា«ផ្ទះរបស់មិត្តល្អម្នាក់»។ លោករំពឹងថា ដំណើរទស្សនកិច្ចនេះ នឹងនាំវឌ្ឍនភាពក្នុងការកសាងសហគមន៍ចិន-កម្ពុជា ជាមួយនឹងអនាគតរួមគ្នា។

លោកបានលើកឡើងថា ៖ នេះគឺជាដំណើរទស្សនកិច្ចនៅកម្ពុជារបស់ខ្ញុំម្តងទៀត បន្ទាប់ពីរំលងអស់ពេលរយៈពេល៩ឆ្នាំ រំពឹងថា ដំណើរទស្សនកិច្ចលើកនេះនឹងដឹកនាំសហគមន៍វាសនារួមចិន-កម្ពុជាឱ្យទទួលការវិវឌ្ឍរីកចម្រើនកាន់តែធំ។
ក្នុងនាមជាសមាជិកសំខាន់នៃមហាគ្រួសារទ្វីបអាស៊ី ប្រទេសទាំងពីរចិននិងកម្ពុជាគួរដើរស្របតាមចរន្តប្រវត្តិសាស្រ្ត ធ្វើជាអ្នកអនុវត្តមុនគេនិងជាគំរូភាពក្នុងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកល ដើម្បីជំរុញកិច្ចកសាងសហគមន៍វាសនារួមចិន-កម្ពុជាក្នុងយុគសម័យថ្មីប្រកបដោយស្ថិរភាពនិងចីរភាព។
លោកលើកឡើងបន្តថា ទី១ គួរធ្វើឱ្យស៊ីជម្រៅនូវការកសាងទំនុកចិត្តខាងនយោបាយដែលមានកម្រិតកាន់តែខ្ពស់ ។ ទី២ គួរពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកដែលប្រកបដោយគុណភាពខ្ពស់ ។ទី៣ គួរបង្កើតការធានាសន្តិសុខដែលមានកម្រិតកាន់តែខ្ពស់។ ទី៤ គួរធ្វើសកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនឱ្យបានកាន់តែច្រើន។ទី៥ គួរបង្កើនកិច្ចសហការជាយុទ្ធសាស្រ្តដែលមានស្តង់ដារកាន់តែខ្ពស់។
លោកបានគូសបញ្ជាក់ថា ភាគីចិនរីករាយធ្វើការជាមួយភាគីកម្ពុជា ដើម្បីរួមគ្នាអភិរក្សសន្តិភាព រួមគ្នាស្វែងរកការអភិវឌ្ឍ និងរួមគ្នាបង្កើតវិបុលភាព ព្រមទាំងជំរុញយ៉ាងប្រាកដប្រជានូវកិច្ចកសាងសហគមន៍វាសនារួមចិន-កម្ពុជាក្នុងយុគសម័យថ្មី ដើម្បីបំពេញបន្ថែមស្ថិរភាពនិងភាពប្រាកដប្រជាកាន់តែច្រើនដល់ពិភពលោកដែលមានបម្រែបម្រួលនិងភាពរង្គោះរង្គើខ្លាំង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print