ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សហការជាមួយក្រសួងការងាររៀបចំកម្មពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្រុងយូគិ ខេត្តអ៊ិបារ៉ាគិ ដែលមានបងប្អូនខ្មែរចូលរួមសរុបប្រមាណជា ៥ ០០០នាក់

ចែករំលែក៖

ជប៉ុន÷ នៅថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ២០២៥ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុម ការងារ ESEA សសមាគមកម្ពុជា-ជប៉ុនគិបូសមាគមមិត្តយេីងនិងសមាគមរាជសីហ៍បានរៀបចំកម្មវិធីអបអរ សាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ នៅសួន Keyaki ក្រុងយូគិ នៃខេត្តអ៊ិបារ៉ាគិ ក្រោមសហអធិបតីភាព លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា និងការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសរបស់លោក KOBAYASHI SAKAE អភិបាលក្រុងយូគិ ព្រមទាំងការចូលរួមពីសំណាក់បងប្អូនសហគមន៍ខ្មែរ រួមមាន និស្សិត កម្មសិក្សាការី ពលករ មិត្តជប៉ុន និងជនជាតិបរទេសដទៃទៀត សរុបប្រមាណជា ៥០០០នាក់។

កម្មវិធីសំខាន់ៗ មានជាអាទិ៍៖ ពិធីសាសនាស្របតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ ដូចជា បង្សុកូល រាប់បាត្រ ពូនភ្នំខ្សាច់ ស្រង់ព្រះ ប្រគេនចង្ហាន់ព្រះសង្ឃ ការដាក់បង្ហាញស្តង់ម្ហូបអាហារនិងផលិតផលខ្មែរ ការលេងល្បែងប្រជាប្រិយដ៏សម្បូរបែបរបស់ខ្មែរ ដូចជា ចោលឈូង ទាញព្រ័ត្រ រាំដណ្តើមកៅអី និងការបង្ហាញនូវផ្ទាំងទស្សនីយភាពរបាំជូនពរ របាំព្រាបសន្តិភាព ព្រមទាំងការប្រគុំតន្ត្រី និងរាំលេងកម្សាន្តតាមចង្វាក់បុរាណ-សម័យខ្មែរ។

ក្នុងឱកាសនោះដែរ ឯកអគ្គរាជទូត បានពាំនាំការផ្តាំសួរ សុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋខ្មែរពីសំណាក់ថ្នាក់ដឹក នាំរបស់កម្ពុជា គឺ សម្តេចតេជោ ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងលោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ។

ឯកអគ្គរាជទូតបានជម្រាបជូនអ្នកចូលរួមនូវអំពី៖ ទី១. សមិទ្ធផលដ៏លេចធ្លោ រួមទាំងការអភិវឌ្ឍគ្រប់វិស័យសំខាន់ៗរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមទាំងកម្មវិធីសង្ក្រានឆ្នាំថ្មីរយៈពេលបីថ្ងៃ ដែលត្រូវបានប្រព្រឹត្តប្រកបដោយជោគជ័យ និងអធិកអធមនាពេលថ្មីៗ ដោយមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិជិត ២៤លាននាក់, ទី២.ទំនាក់ទំនងដ៏ល្អប្រពៃរវាងកម្ពុជា និងជប៉ុន បន្ទាប់ពីមេដឹកនាំប្រទេសទាំងពីរបានតម្លើងទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចាប់ពីឆ្នាំ២០២៣មក និង ទី៣. លើកទឹកចិត្តដល់បង ប្អូនកម្មសិក្សាការី និងពលករបំពេញការងារដោយយក ចិត្តទុកដាក់ រៀបសូត្រជំនាញថ្មីបន្ថែម និងគោរពច្បាប់ប្រទេសជប៉ុនឱ្យបានខ្ជាប់ខ្ជួន។

...

កម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ បានប្រពឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ ការបង្ហាញសាមគ្គីភាព ការស្រលាញ់រាប់អានគ្នា និងភាពស្និទ្ធសា្នលបំផុត ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ ទោះបីជាកំពុងរស់ ធ្វើការ និងសិក្សា នៅក្រៅប្រទេសយ៉ាងណាក្តី ព្រមទាំងបានចូលរួមចំណែកផ្សព្វផ្សាយដល់មិត្តជប៉ុន និងបរទេសដទៃទៀត ឱ្យស្គាល់បន្ថែមទៀតអំពីប្រពៃណីវប្បធម៌ដ៏ផូរផង់ និងសម្បូរបែបរបស់ខ្មែរ។ បងប្អូនខ្មែរដែលចូលរួម ក៏បានសំដែងនូវការពេញចិត្តឱ្យមានការរៀបចំកម្មវិធីបែបនេះនាឆ្នាំក្រោយទៀត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print