ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា
បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពី
លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា !
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នាព្រឹកថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទី គណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីបានពិនិត្យនិងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់ យកថ្ងៃអង្គារទី២២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៩:១៥នាទីព្រឹក ដើម្បីបើកសម័យប្រជុំ ព្រឹទ្ធសភាលើកទី៣ នីតិកាលទី៥ ដោយមានរបៀបវារៈតែមួយគឺស្ដាប់របាយការណ៍សង្ខេបរបស់ គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីលទ្ធផលនិងសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំ លើកទី២និងលើកទី៣ នីតិកាលទី៥។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕
ដោយ ៖ សិលា