រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យការងារកាយសម្អាតបាតអាងសាងសង់តួទំនប់ និងរៀបចំគ្រឹះទំនប់អាងទឹកលេខ២ ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់​៖​ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយអស់លោកជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ​ បានអញ្ជើញចុះពិនិត្យការងារកាយសម្អាតបាតអាងសាងសង់តួទំនប់ និងរៀបចំគ្រឹះទំនប់អាងទឹកលេខ២ ស្ថិតលើស្ទឹងប្រម៉ោយ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលសម្រេចបានប្រមាណ ១២% ។

សូមជម្រាបថា ទំនប់អាងទឹកលេខ២ មានផ្ទៃអាងទំហំ ៤០១៦ហិកតា អាចស្តុកទឹកបាន ៨៦០លានម៉ែត្រគូប និងអាចស្រោចស្រពលើផ្ទៃដីប្រមាណ ២៦២៥០០ហិកតា។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ទី១)ទំនប់ដីប្រវែង ៤១០ម៉ែត្រ ចាក់បេតុងពីលើកម្រាស់ ២០សង់ទីម៉ែត្រ កម្ពស់៤០ម៉ែត្រ មានទទឹងខ្នងលើ ១០ម៉ែត្រ ទី២)ទំនប់បង្ហៀរមួយកន្លែងប្រវែង ២៨១ម៉ែត្រ មានប្រវែងរំហូរទឹក ១៦៥ម៉ែត្រ ព្រមទាំងមានស្ពានពីលើប្រវែង ១៦៥ម៉ែត្រ និងមានទទឹង ១០ម៉ែត្រ មានលូបញ្ចេញទឹក ២កន្លែង មុខកាត់ ១,២ម៉ែត្រ ប្រវែង ២៤៨,៥០ម៉ែត្រ ទី៣)សាងសង់ផ្លូវត្រីមួយកន្លែងមានប្រវែងទទឹង ២,៩ម៉ែត្រ បណ្តោយប្រវែង ១៦៥២ម៉ែត្រ ទី៤)អគារសហគមន៍មួយ និងរោងម៉ាស៊ីនភ្លើង ១កន្លែង ទី៥)រៀបថ្មជើងទេរមុខក្រោយប្រវែង ១គីឡូម៉ែត្រ ទី៦)សាងសង់ផ្លូវបេតុងចូលទៅសំណង់ប្រវែង ១១,៥៥គីឡូម៉ែត្រ និងទទឹង ៨ម៉ែត្រ និងទី៧)សាងសង់សំណង់សិល្បការ្យតាមផ្លូវចំនួន ៥០កន្លែង។

ក្នុងឱកាសចុះត្រួតពិនិត្យការងារនេះដែរ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងបានស្នើដល់ក្រុមការងារសាងសង់សូមបន្តយកចិត្តទុកដាក់លើគុណភាព បទដ្ឋានបច្ចេកទេស និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមការគ្រោងទុក ព្រមទាំងបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់សូមបន្តចូលរួមសហការឱ្យបានជិតស្និទ្ធដើម្បីឱ្យដំណើរការសាងសង់សម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធានាការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់បម្រើដល់ការងារដាំដុះដំណាំកសិកម្មគ្រប់ប្រភេទ ការប្រើប្រាស់ប្រចាំថ្ងៃ និងការប្រើប្រាស់លើគ្រប់វិស័យ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print