ខេត្តពោធិ៍សាត់ ៖ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ក្នុងនាមតំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារស្តារអូរយាយហុក និងវឌ្ឍនភាពការងារសាងសង់សំណង់ស្ទាក់ទឹកពោធិ៍អណ្តែត ស្ថិតក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ ។
លោក ថាំង វីយុទ្ធដា បានបញ្ជាក់ថា វឌ្ឍនភាពការងារស្តារអូរយាយហុក សម្រេចបានប្រមាណ ៥០ភាគរយ ហើយការងារសំខាន់របស់គម្រោងរួមមាន៖ ទី១)ស្តារអូរយាយហុកប្រវែង ៤០០០ម៉ែត្រ និងទី២)សាងសង់សំណង់សិល្បការ្យចំនួន ១៥កន្លែង។ បន្ទាប់ពីការងារស្ដាររួចរាល់ គម្រោងនេះនឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១០៣១ហិកតា រដូវប្រាំងចំនួន ៦០០ហិកតា និងដំណាំរួមផ្សំ ២៥ហិកតា សម្រាប់បងប្អូនប្រជាកសិករប្រមាណ ២០៤២គ្រួសារ ស្ថិតក្នុងភូមិចំនួន៦ នៃឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
លោកប្រធាននាយកដ្ឋានវិស្វកម្មបានបញ្ជាក់បន្ថែមទៀតថា គម្រោងសាងសង់សំណង់ស្ទាក់ទឹកពោធិ៍អណ្តែត (ជំហាន២) ចំនួន ១កន្លែង។ ដោយឡែក គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពនៃការងារដីសម្រេចបានប្រមាណ ៥០%។ បន្ទាប់ពីសាងសង់រួចរាល់ គម្រោងនេះនឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១៣៨៥ហិកតា រដូវប្រាំងចំនួន ៥៩៥ហិកតា និងដំណាំរួមផ្សំ ៩០ហិកតា ដល់បងប្អូនប្រជាកសិករប្រមាណ ២០២៩គ្រួសារ ស្ថិតក្នុងភូមិចំនួន១៤ នៃឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធាននាយកដ្ឋានវិស្វកម្ម ក៏បានណែនាំដល់ក្រុមការងារសាងសង់ឱ្យអនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក៕
ដោយ ៖ សិលា