ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានអរគុណប្រមុខដឹកនាំថៃ ដែលមានគោលនយោបាយមិនអនុញ្ញាតឱ្យជនណាម្នាក់ប្រើប្រាស់ទឹកដីខ្លួន ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងបង្កគ្រោះថ្នាក់ដល់កម្ពុជា។ ត្រង់ចំណុចនេះ មេដឹកនាំកម្ពុជា បានប្តេជ្ញាធ្វើដូចចំណាត់ការរបស់ថៃដែរ។
សូមបញ្ជាក់ថា ៖ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ(Paetongtarm Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នៅថ្ងៃទី ២៣ មេសានេះ ផ្តើមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនោះ លោកស្រី នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅក្នុងដំណើរទស្សនកិច្ចនេះ គឺដើម្បីពិភាក្សាពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យស៊ីជម្រៅ និង ពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍សម្រាប់ប្រទេសកម្ពុជា និងថៃ។ហើយជាមួយគ្នានោះ ភាគីកម្ពុជា និងថៃ អញ្ជើញធ្វើ ជា អធិបតី ក្នុង ពិធី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសថៃ-កម្ពុជា លើបញ្ហាសំខាន់ៗចំនួន៧ផងដែរ។ ក្នុងរួមមាន ៖
១៖ កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ។
២៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ។
៣៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថានកម្ពុជា និងក្រសួងធនធានធម្មជាតិ និងបរិស្ថានថៃ ស្តីពីកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន។
៤៖ កិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ ស្តីពីការគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)។
៥៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ ស្តីពីការសាងសង់ស្ពានព្រំដែនផ្សារព្រំ-បានផាកាត។
៦៖ កំណត់ហេតុស្តីពីការផ្តល់ជំនួយបច្ចេកទេស លើការសិក្សាស្តីពីសមិទ្ធិលទ្ធភាព លើគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥៧ (បាត់ដំបង-ច្រកទ្វារអន្តរជាតិព្រំ) រវាងក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជិតខាងថៃ។
៧៖ ការចុះលិខិតប្តូរសារ ស្តីពីគម្រោងពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ៕
ដោយ ៖ សុខ ខេមរា