ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំ ឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវចុះរៀបចំតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ក្នុងថ្ងៃបុណ្យវិសាខបូជានៅមូលដ្ឋានខ្លួន ឱ្យបានល្អ ស្អាត និងបរិស្ថាន ប្រកបដោយសោភណ្ឌភាពក្នុងឱកាសបុណ្យវិសាខបូជា ១១-១២ឧសភា ឆ្នាំ២០២៥ ។ ការរៀបចំបុណ្យវិសាខបូជា ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ បុណ្យវិសាខបូជា គឺជាបុណ្យមួយក្នុងចំណោមបុណ្យធំៗទាំងឡាយក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធមាមកជន ទាំងបព្វជិត ទាំងគ្រហស្ថនៅលើសកល លោក តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំពុំដែលខាន និងប្រារព្ធឡើង ក្នុងគោលបំណង រម្លឹកដល់អភិលក្ខិតសម័យទាំងបី ដែលព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់ប្រសូត្រចាកឧទរព្រះមាតា ទ្រង់បានត្រាស់ដឹងនូវអនុត្តរ សម្មាសម្ពោធិញ្ញាណ និងទ្រង់រម្លត់ខន្ធចូលកាន់ព្រះបរិនិព្វាន ហើយរៀងរាល់ឆ្នាំ ពុទ្ធសាសនិកខ្មែរ តែងតែប្រារព្ធពិធី បុណ្យនេះនៅគ្រប់វត្ត អារាមទូទាំងប្រទេស ដោយចាត់ទុកថាជាការកសាងមហាកុសលដ៏ថ្លៃថ្លាឧត្តុង្គឧត្តមបំផុត។ ឆ្នាំនេះ បុណ្យវិសាខបូជា ប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ គឺនៅថ្ងៃអាទិត្យ១៥កើត ១៥កើត និងថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័កព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ១១-១២ ខែឧសភា ឆ្នាំ២០២៥ នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល។
យោងផែនការណែនាំលេខ០៤/២០២៥ គជបអ ចុះថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដើម្បីញ៉ាំងឱ្យពិធីមង្គលនេះ ប្រព្រឹត្តទៅបានយ៉ាងមហោឡារិក អធិកអធម ឆ្លើយតបនឹងអត្ថន័យ ខ្លឹមសារខាងលើ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការ ណែនាំដូចខាងក្រោម៖ ទី ១-រដ្ឋបាលខណ្ឌទាំង១៤ ត្រូវ៖ ណែនាំឱ្យមានការតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងចងបដាពាក្យស្លោកនៅតាម វត្តអារាម អគារសាធារណៈ អគារពាណិជ្ជកម្ម ផ្សារ សំណង់បុរី ក្រុមហ៊ុន រោងចក្រ-សហគ្រាស រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត និងគ្រប់គេហដ្ឋានប្រជាពលរដ្ឋ ដើម្បីអបអរសាទរពិធីបុណ្យប្រពៃណីសាសនានេះ ឱ្យប្រព្រឹត្តទៅប្រកប ដោយកិត្តិយស និងថ្លៃថ្នូរ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន ចែងថា “ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ”- ចាត់តាំងរៀបចំឱ្យមានពិធីបុណ្យវិសាខបូជាជាផ្លូវការនៅវត្តអារាមណាមួយក្នុងមូលដ្ឋាន សហការជាមួយសាលាគណរាជធានីភ្នំពេញ រៀបចំចាត់តាំងពិធីបុណ្យវិសាខបូជា ឱ្យបានមហោឡារិក អធិកអធម និងត្រូវណែនាំគ្រប់អង្គភាពក្រោមឱវាទ ឱ្យមានកិច្ចសហការល្អជាមួយពុទ្ធបរិស័ទចំណុះជើងវត្តនីមួយៗ និង ចូលរួមឱ្យផុលផុស ដើម្បីលើកកម្ពស់តួនាទីដ៏សំខាន់របស់ព្រះពុទ្ធសាសនា និងប្រពៃណីដ៏ល្អរបស់ជាតិ ជាពិសេស ត្រូវអំពាវនាវដល់គ្រប់វត្តអារាម យកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលចំពោះកុលបុត្រដែលចង់បួស ឬ យុវជន យុវនារីដែលជ្រះថ្លា ចង់អប់រំចិត្ត រក្សាសីល ៥ សីល ៨ ឬ សីល ១០ រយៈពេលខ្លី ក្នុងថ្ងៃបុណ្យវិសាខបូជា ដោយគ្រាន់តែស្លៀកសម្លៀកបំពាក់សមរម្យ និងគោរពប្រតិបត្តិតាមសិក្ខាបទកំណត់ជាការប្រសើរ – យកចិត្តទុកដាក់ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងអនាម័យ-បរិស្ថាននៅក្នុង មូលដ្ឋាន និងតាមវត្តអារាមដែលប្រារព្ធពិធីបុណ្យវិសាខបូជាឱ្យបានល្អប្រសើរ – បំផុស និងផ្សព្វផ្សាយតាមគ្រប់មធ្យោបាយដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងយុវនារី ឱ្យយល់ដឹងកាន់តែ ទូលំទូលាយអំពីខ្លឹមសារ និងចូលរួមគោរពប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនក្នុងពិធីបុណ្យប្រពៃណីសាសនាដ៏រុងរឿង របស់ជាតិ។
មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវណែនាំគ្រប់វត្តអារាមឱ្យរៀបចំពិធីបុណ្យវិសាខបូជា ឱ្យបានសមស្រប តាមប្រពៃណីទំនៀមទម្លាប់ដ៏ល្អរបស់ជាតិ និងត្រូវជ្រើសតាំងវត្តអារាមណាមួយប្រារព្ធពិធីបុណ្យវិសាខបូជា ជាផ្លូវការ។
៣-មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ត្រូវសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ដើម្បីចាត់កម្លាំងសិស្សឱ្យសូត្របទនគររាជ គោរពទង់ជាតិ និង បទសរភញ្ញ គោរពទង់ព្រះពុទ្ធសាសនា ព្រមទាំងនារីសម្រាប់ស្មូត ក្នុងពេលរាប់បាត្រ នាពេលព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។
៤- មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវចាត់តាំងបណ្តាញវិទ្យុ និងស្ថានីយវិទ្យុ-ទូរទស្សន៍ក្រោមឱវាទឱ្យសហការជាមួយ វិទ្យុ-ទូរទស្សន៍ជាតិឯកជន ចុះធ្វើសកម្មភាពយកព័ត៌មាន ដោយច្នៃប្រឌិត ធ្វើការផ្សព្វផ្សាយមុន ក្នុងពេល និង ក្រោយពេលប្រារព្ធពិធីបុណ្យនូវរូបភាពចាត់តាំង និងខ្លឹមសារនៃពិធីបុណ្យឱ្យបានទូលំទូលាយ សក្តិសមជា ពិធីបុណ្យប្រពៃណីសាសនាដ៏រុងរឿងរបស់ជាតិ។
៥- មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវរៀបចំផែនការសង្គ្រោះបន្ទាន់ ដោយត្រូវរៀបចំក្រុមគ្រូពេទ្យ ឱសថ និងរថយន្តគិលានសង្គ្រោះ ជាពិសេសត្រូវណែនាំដល់មូលដ្ឋានសេវាសុខាភិបាលក្រោមឱវាទ ដូចជា មន្ទីរពេទ្យ បង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ ឆ្ពោះទៅកាន់ ភ្នំព្រះរាជទ្រព្យ ឱ្យមានក្រុមគ្រូពេទ្យ និងរថយន្តគិលានសង្គ្រោះប្រចាំការ ២៤ម៉ោង/២៤ម៉ោង។
៦- ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវសហការការពារ សន្តិសុខ សុវត្ថិភាព សម្រួលចរាចរណ៍ និងសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យ ព្រមទាំងតាមតម្រាយផ្លូវក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ចាប់ពីរង្វង់មូលគល់ស្ពានជ្រោយចង្វារ រហូតដល់ព្រំប្រទល់ខេត្តកណ្តាល។
ទទួលបានសេចក្តីណែនាំនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ក្រុមហ៊ុន រោងចក្រ-សហគ្រាស និងប្រជាពលរដ្ឋ ទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវចាត់ចែងផ្សព្វផ្សាយ អនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕ ដោយ សំរិត