ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សម្ដេចនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥នេះ ដោយបានចែករំលែក នូវបទពិសោធន៍នៃការអប់រំកូនចៅ។
ពីរចំណុចសំខាន់ៗ ដែលសម្តេចចែករំលែករួមមានទី១៖ «ប្រើប្រាស់ភាពជិតស្និទ្ធ មើលថែពួកគេពីតូចៗរហូតដល់ធំ ទោះពួកគេមិនមានពេលច្រើន ជួបយើងទៀតក៏ដោយ» និងទី២៖ «សូមកុំលំអៀងឲ្យសោះត្រូវផ្តល់ការស្រឡាញ់ស្មើៗគ្នា កុំលើកមួយដាក់មួយ»។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកសម្តេចតេជោ បានបង្ហោះរូបភាពជាមួយចៅៗតូច ជាមួយខ្លឹមសារដូច្នេះថា «កាលពីចៅនៅតូចៗ គឺបែបនេះដណ្តើមគ្នាឲ្យតាព ឬអោប ដល់ធំឡើងបានមកត្រឹមក្បែរ។ នៅសល់ចៅទី២១ និង២២ គ្រាន់មកជិត និងថើបលោកតា។ ជិវិតមនុស្សកាន់តែចាស់កាន់តែឯកោ តែនេះជាក្រិត្យក្រមធម្មជាតិ ដែលជៀសមិនរួច។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ខ្ញុំអប់រំកូន និងចៅបែបនេះ គឺប្រើប្រាស់ភាពជិតស្និតមើលថែពួកគេពីតូចៗរហូតដល់ធំ ទោះពួកគេមិនមានពេលច្រើនជួបយើងទៀតក៏ដោយ។ វិន័យខ្ញុំប្រើតែជាមួយកូន តែមិនបានប្រើចំពោះចៅទេ។
ប្រសិនមានកូន និងចៅច្រើន សូមកុំលំអៀងឲ្យសោះត្រូវផ្តល់ការស្រឡាញ់ស្មើៗគ្នា កុំលើកមួយដាក់មួយ ដែលនេះ គឺជាចំណែកតូចមួយនៃជោគជ័យក្នុងការអប់រំកូន និងចៅរបស់ខ្ញុំ»៕
ដោយ៖តារា