សម្តេច វរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រុមហ៊ុនបរទេស ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូក្នុងស្រុក និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអនុញ្ញាតឱ្យ លោក Salem Mubarak Salem Al-Hadhyan នាយកប្រតិបត្តិ ក្រុមហ៊ុន DEEM ALMASEAH FOR TRADING CO., Ltd ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ។

លោកនាយកប្រតិបត្តិក្រុមហ៊ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្រុមហ៊ុនរបស់លោក មានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដែលនឹងចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើន បន្ថែមទៀត។

លោកនាយកប្រតិបត្តិ បានបញ្ជាក់ថា ក្រុមហ៊ុនលោក បាននិងកំពុងចាប់ដៃគូសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយ ដើម្បីវិនិយោគ លើវិស័យកសិកម្ម។ លើសពីនេះ ក្រុមហ៊ុនក៏ចាប់អារម្មណ៍បោះទុនវិនិយោគលើវិស័យផ្សេងទៀតនៅកម្ពុជាផងដែរ ដូចជា វិស័យហេដ្ឋារចនាសម្ព័ន្ធ, និងវិស័យទូរគមនាគមន៍ជាដើម។

ជាមួយគ្នានេះ លោកក៏បានស្នើសុំអនុសាសន៍ណែនាំ ពីសម្តេចបវរធិបតី អំពីវិស័យ សក្ដានុពលផ្សេងៗទៀត ដែលក្រុមហ៊ុនអាចនឹងវិនិយោគទុនបាន ។

ជាការឆ្លើយតប សម្តេចបវរធិបតី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា និងបង្ហាញនូវក្ដីសោមនស្សរីករាយចំពោះកិច្ចសហការ របស់ក្រុមហ៊ុនជាមួយក្រុមហ៊ុនដៃគូ នៅក្នុងប្រទេសកម្ពុជា ក្នុងការវិនិយោគ លើវិស័យកសិកម្ម ។

សម្តេចបវរធិបតី បញ្ជាក់ថា ក្រៅពីវិស័យដែលក្រុមហ៊ុនចាប់អារម្មណ៍ វិនិយោគខាងលើ ក្រុមហ៊ុនក៏អាចពិចារណា និងសិក្សា វិនិយោគលើវិស័យសក្តានុពលផ្សេងទៀត ផងដែរ ដូចជា វិស័យកសិ-ឧស្សាហកម្ម, វិស័យទេសចរណ៍, វិស័យ ហិរញ្ញវត្ថុ និង វិស័យអប់រំ ។

សម្តេចបវរធិបតី បានបញ្ជាក់អំពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និង ពង្រីកទីផ្សារ ជាមួយបណ្ដាប្រទេស ក្នុងតំបន់ និងពិភពលោក ជាពិសេស ការជំរុញការនាំចេញកសិផលកម្ពុជា ទាំងផលិតផលកសិកម្ម និងផលិតផលហាឡាល់ ទៅកាន់ទីផ្សារមជ្ឈិមបូព៌ា ផងដែរ ព្រមទាំង បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្ត ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូក្នុងស្រុក និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីសិក្សា និងស្វែងរកឱកាសវិនិយោគលើវិស័យអាទិភាពនានា បន្ថែមទៀត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print