ខេត្តស្វាយរៀង: លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងបានដឹកនាំកម្លាំងជំនាញខេត្តចុះសហការជាមួយលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ សៅ ផល្លី ប្រធានមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កម្លាំងកងរាជអាវុធហត្ថស្រុក ដឹកនាំដោយលោកវរសេនីយ៍ទោ ចេវ សុគន្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុក កម្លាំងផ្នែកសឹករងស្រុក ដឹកនាំដោយលោកវរសេនីយ៍ទោ ជេត សាមន មេបញ្ជាការផ្នែកសឹករងស្រុក ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគ្រួស ដឹកនាំដោយលោកវរសេនីយ៍ត្រី សុិន វិសាល មេប៉ុស្តិ៍ការពារព្រំដែនគ្រួស នៅថ្ងៃទី២៦ខែមេសាឆ្នាំ២០២៥ វេលាម៉ោង០៩ និង៣០ នាទី បានចុះអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៥៤៧ ចុះថ្ងៃទី១០ ខែតុលាឆ្នាំ២០២៣ ចេញដោយលោក ចុក ងួន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្វាយរៀង អោយចាប់ខ្លួនឈ្មោះ អ៊ុច អ៊ាន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចភូមិអំពៅព្រៃ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ។
ពេលកម្លាំងសមត្ថកិច្ចសហការគ្នាចុះទៅអនុវត្តតាមដីកាតុលាការនោះ មុខសញ្ញាមានដីកាចាប់ខ្លួនឈ្មោះ អ៊ុច អ៊ាន មានបក្សពួកចំនួន០៣នាក់ ១.ឈ្មោះមាក សាំសូរិយា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីំលំនៅភូមិកណ្ដាល ឃុំគ្រួស (ម្ចាស់ផ្ទះ) ២.ឈ្មោះ នី កក្ដដា ហៅច្រាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រសាំងជ្រំ ឃុំគ្រួស និង៣-ឈ្មោះ អ៊ុច អ៊ាន មិនសហការជាមួយសមត្ថកិច្ច ដោយមានកាន់កាំភ្លើងខ្លីពណ៌ខ្មៅមួយដើម បានបាញ់មកលើសមត្ថកិច្ចជាច្រើនគ្រាប់ ហើយរត់គេចខ្លួនចូលទៅពួនក្នុងផ្ទះ ឈ្មោះមឿង សាវុន ភេទស្រី អាយុ៥៥ឆ្នាំ នៅភូមិកណ្តាល ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
បន្ទាប់មកលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរង និងលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោស្នងការ និងមានការអនុញ្ញាតពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង អោយសមត្ថកិច្ចដាក់កម្លាំងឡោមព័ទ្ធរកគ្រប់វិធីចាប់ខ្លួនមុខសញ្ញា រហូតដល់ម៉ោង១៣ៈ៤៥នាទី ទើបសមត្ថកិច្ចយើងឃាត់ខ្លួនមុខសញ្ញាទាំង០៣នាក់ខាងលើបាន នៅពេលចូលទៅឃាត់ខ្លួនមុខសញ្ញាឈ្មោះ អ៊ុច អ៊ាន នោះសមត្ថកិច្ចបានប្រើប្រាស់វិធានការ ការពារខ្លួនបាញ់តបតទៅវិញដើម្បីរំដោះខ្លួនពីការបាញ់របស់មុខសញ្ញា បណ្តាលឲ្យឈ្មោះ អ៊ុច អ៊ាន មានរបួសស្នាមត្រង់ដៃខាងឆ្វេង បច្ចុប្បន្នឈ្មោះអ៊ុច អ៊ាន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។
ចំណែកជនសង្ស័យឈ្មោះមាក សាំសូរិយា និងឈ្មោះនី កក្ដដា សមត្ថកិច្ចបាននាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០២នាក់បានឆ្លើយសារភាពថា កន្លងមកពួកខ្លួនបានដឹងថាឈ្មោះអ៊ុច
អ៊ាន ធ្លាប់ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិគេជាច្រើនលើក ពេលលួចបានជូនកាលយកលុយមកប៉ាវពួកខ្លួនផឹកស៊ី និងបានដឹងថា ឈ្មោះ អ៊ុច អ៊ាន មានកាំភ្លើងប្រើប្រាស់ តែពួកខ្លួនលាក់មិនប្ដឹងសមត្ថកិច្ចណាទេ ។ សមត្ថកិច្ចយើងបានធ្វើតេស្ដទឹកមូត្រជនសង្ស័យទាំង០២នាក់លទ្ធផល វិជ្ជមាន(+)។
បច្ចុប្បន្នសមត្ថកិច្ចយើងបានដកហូតវត្ថុតាងកាំភ្លើងខ្លីមិនស្គាល់ម៉ាក ពណ៌ខ្មៅចំនួន០១ដើម ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត៕
ដោយ៖ សុថាន