សហរដ្ឋអាមេរិកនិយាយថា ខ្លួនបានវាយប្រហារទៅលើគោលដៅរបស់ក្រុម Houthi ជាង ៨០០ កន្លែងក្នុងប្រទេសយេម៉ែន ដោយបានសម្លាប់អ្នកប្រយុទ្ធរាប់រយនាក់ ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការផ្លូវអាកាសរបស់ខ្លួនកាលពីថ្ងៃទី ១៥ ខែមីនា។
ទីភ្នាក់ងារទទួលបន្ទុកប្រតិបត្តិការយោធាអាមេរិកនៅមជ្ឈិមបូព៌ា CENTCOM បាននិយាយនៅថ្ងៃទី 27 ខែមេសាថា “ចាប់តាំងពីការចាប់ផ្តើមនៃប្រតិបត្តិការ Rough Rider កងកម្លាំងបញ្ជាការកណ្តាល (CENTCOM) បានវាយប្រហារច្រើនជាង 800 គោលដៅ។ ការវាយប្រហារតាមអាកាសបានសម្លាប់អ្នកប្រយុទ្ធ Houthi រាប់រយនាក់ និងមេដឹកនាំក្រុមប្រដាប់អាវុធជាច្រើននាក់” ។
ប្រតិបត្តិការ Rough Rider ត្រូវបានដាក់ឱ្យដំណើរការដោយសហរដ្ឋអាមេរិកកាលពីថ្ងៃទី 15 ខែមីនា ដោយបានគៀងគរឧបករណ៍យោធាទំនើបៗជាច្រើនរបស់ប្រទេសដើម្បីធ្វើការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងក្លាទៅលើហេដ្ឋារចនាសម្ព័ន្ធ និងមូលដ្ឋានទ័ពរបស់ Houthi ក្នុងគោលបំណងបង្ខំក្រុមប្រដាប់អាវុធយេម៉ែនឱ្យបញ្ឈប់ការវាយប្រហារលើនាវានៅសមុទ្រក្រហម។
CENTCOM បានបញ្ជាក់ថា យុទ្ធនាការវាយប្រហារតាមអាកាសបានបំផ្លាញប៉ុស្តិ៍បញ្ជាការជាច្រើន ប្រព័ន្ធការពារអាកាស កន្លែងផលិតអាវុធទំនើប និងឃ្លាំងអាវុធរបស់ Houthi ។ តម្លៃនៃប្រតិបត្តិការនេះមិនត្រូវបានគេដឹងនោះទេ ប៉ុន្តែប្រភពដែលដឹងពីស្ថានភាពបាននិយាយថា យោធាអាមេរិកបានចំណាយប្រាក់ជិត 1 ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែបីសប្តាហ៍ដំបូងប៉ុណ្ណោះ។
ទោះបីជាមានការវាយប្រហារតាមអាកាសរបស់អាមេរិកក៏ដោយ ក្រុមប្រដាប់អាវុធយេម៉ែននៅតែបន្តបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកនៅនាវាចម្បាំងអាមេរិកនៅសមុទ្រក្រហម ក៏ដូចជាបាញ់មីស៊ីលផ្លោងនៅទឹកដីអ៊ីស្រាអែល។ ពួកគេក៏បានបន្តបាញ់ទម្លាក់ UAV ប្រដាប់អាវុធ MQ-9 Reaper របស់អាមេរិកជាច្រើនក្នុងអំឡុងពេលនេះ។
CENTCOM បាននិយាយថា ប្រតិបត្តិការ Rough Rider បានកាត់បន្ថយល្បឿនប្រតិបត្តិការ និងប្រសិទ្ធភាពរបស់ក្រុម Houthis ដោយកត់សម្គាល់ថា ចំនួននៃការបាញ់មីស៊ីលផ្លោងរបស់ក្រុមនេះបានថយចុះ ៦៩ ភាគរយ ខណៈដែលការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកក៏ថយចុះ ៥៥ ភាគរយផងដែរ៕
រូបថត: Reuters