ខេត្តព្រះសីហនុ÷ នៅល្ងាចទី២៧ ខែមេសា ឆ្នាំ២០២៥ នាវាកងទ័ពជើងទឹកប្រជាជនវៀតណាម ១គ្រឿង លេខ ២៦១ ដឹកនាំដោយ វរនាវីឯកបម្រុង ម៉ាយ ដាំងហ្សាញ់ មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម(ផែលេខ២) ក្នុងដំណើរអញ្ជើញមកចូលរួមកិច្ចប្រជុំដកបទពិសោធន៍ការងារ ល្បាតគ្នារួមលើកទី៣៥ នៅមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ និងធ្វើ ទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ។
ក្រោយការចូលចត គណៈប្រតិភូនាវាពីបញ្ជាការដ្ឋានតំបន់៥ បានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការ មូលដ្ឋានសមុទ្ររាម នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ មូលដ្ឋានសមុទ្ររាម ក្នុងគោលបំណងដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ព ជើងទឹកទាំងពីរ កម្ពុជា-វៀតណាម។
គួរបញ្ជាក់ថា នាវាយោធារបស់វៀតណាមនេះ គឺជានាវាយោធាបរទេសទី២ហើយ បន្ទាប់ពីនាវាប្រទេសជប៉ុនដែលបានចូលចតនៅផែមូលដ្ឋានសមុទ្ររាម(ផែលេខ ២) ក្រោយពីបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕