អាជ្ញាធរស្រុកកំពង់ស្វាយ មិនលើកលែងដាច់ខាតចំពោះជនល្មើស ឈូសឆាយដីព្រៃលិចទឹកចំណុចបឹងឈូកវ៉ា ឃុំសានគរ

ចែករំលែក៖

ខេត្តកំពង់ធំ៖ អភិបាលស្រុកកំពង់ស្វាយ លោក អ៊ុត វណ្ណាបានឱ្យដឹងថា លោកនឹងស្រាវជ្រាវរកមុខសញ្ញាជន ល្មើសដែលហ៊ានលួចឈួសឆាយ ដីព្រៃលិចទឹក ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរទោះជាស្ថិតក្នុងតំបន់៣,តំបន់ ២ ឬតំបន់១ និងតំបន់ហាមឃាត់ផ្សេងៗ គឺមិនឱ្យមាន ការកាប់ទន្ទ្រានឈូសឆាយឡើយ។

លោកអភិបាលស្រុក បានបញ្ជាក់ថា លោកបានចាត់អភិបាលរងស្រុកម្នាក់ចុះពិនិត្យជាក់ស្តែងឃើញថា ពិត ជាមានការឈូសឆាយដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រតំបន់២ ត្រង់ចំណុចដីដួងហេង បឹងឈូកវ៉ា ស្ថិតក្នុងឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ពិតប្រាកដមែន។ តាមការសន្និដ្ឋាន និងសាកសួរអ្នកក្បែរនោះជនល្មើសអាចឆ្លៀតឳកាសលួចឈូសឆាយ ក្នុងអំឡុង ពេលដែលរដ្ឋបាល អាជ្ញាធរ ជាប់រវល់រៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលទើបតែបញ្ចប់នាពេលថ្មីៗនេះ។ ទោះយ៉ាងណាលោកបានជូនដំណឹងទៅជំនាញជលផលចងក្រងសំណុំរឿងនេះ ដើម្បីស្រាវជ្រាវរកជនប្រព្រឹត្តអនុវត្តតាមនិតិវិធីច្បាប់។ យោងតាមបទបញ្ជារបស់សម្តេច ក៏ដូចជាអភិបាលខេត្តកំពង់ធំ ហាមដាច់ខាត់មិនអោយមានការរំលោភ ឈូសឆាយ ដីព្រៃលិច ទឹកនោះទេ។

យោងតាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា ធ្លាប់ឃើញមានគ្រឿងចក្រអេស្កាវ៉ាទ័រថ្មីចំនួនបីគ្រឿងបានធ្វើសកម្មភាពឈូសព្រៃលិចទឹកក្នុងប្រឡាយប្រមាណជាង ១០០ម៉ែត្រ ទទឹងជិត២០ម៉ែត្រ និងបន្តចូលទៅឈូស ព្រៃលិចទឹកនៅចំណុចបឹងឈូកវ៉ា អស់ប្រវែងប្រមាណជា១០០ម៉ែត្រ ទទឹងជាង ១០ម៉ែត្រ បន្ថែមទៀត។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់បទបញ្ជារយ៉ាងម៉ឹងម៉ាត់ចំពោះអភិបាលខេត្ត ក្រុង ឲ្យអនុវត្តការទប់ស្កាត់ ការឈួសឆាយរុករានទន្ទ្រានដីព្រៃតំបន់ ហាមឃាត់ ឲ្យបានដាច់ខាត។ ការបាត់បង់ព្រៃលិចទឹកធ្វើឲ្យប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលលើ មនុស្ស សត្វ និងបរិស្ថាន ដូចជា បាត់បង់ជីវចម្រុះ ដោយសារគ្មានជម្រក គ្មានចំណី បង្កមានផលប៉ះពាល់ដល់មនុស្ស សត្វ និងតែងទទួចស្នើរឲ្យរាជរដ្ឋាភិបាលមានវិធានការពិតប្រាកដ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print