ខេត្តកំពង់ឆ្នាំង៖ គិតមកដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៥នេះ មានរយៈពេល១សប្តាហ៍ហើយ ដែលក្រុម ហ៊ុនអានកូទឹកស្អាតក្រុងកំពង់ឆ្នាំង មិនបានកាយដីដែលបានចាក់ចូលទន្លេសាបនៅចំណុចភូមិទី១ សង្កាត់ខ្សាម និងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងចេញនៅឡើយ ដែលករណីនេះ នាំអោយប្រជាពលរដ្ឋសួរនាំច្រើនពាក់ព័ន្ធនឹងនីតិវិធីរបស់ក្រសួងធនធានទឹក អាជ្ញាធរទន្លេសាប និងអាជ្ញាធរខេត្តកំពង់ឆ្នាំង។
ករណីចាក់ដីចូលទន្លេសាបរាប់រយឡាននេះ បានកើត ឡើងតាំងអំឡុងខែមីនា និងដើមខែមេសា ឆ្នាំ២០២៥ ដោយមិនមានអ្នកហាមឃាត់នោះទេ។ រហូតដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៥(ប្រជុំលើកទី១) ទើបក្រសួង ធនធានទឹក អាជ្ញាធរទន្លេសាប អាជ្ញាធរខេត្តកំពង់ឆ្នាំងបានចុះមកពិនិត្យ និងប្រាប់ឱ្យក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង កាយដីចេញពីកន្លែងចាក់ដីចូលទន្លេសាប ហើយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រសួង ធនធានទឹក និងអាជ្ញាធរទន្លេសាប បានមកប្រជុំម្តងទៀត(លើកទី២) ដោយខាងក្រុមហ៊ុនសុំរយៈពេល១៥ ដើម្បីកាយដីដែលចាក់ចូលទន្លេសាបចេញវិញអោយស្អាត តែខាងក្រសួងធនធានទឹក អាជ្ញាធរទន្លេសាប និងអាជ្ញាធរខេត្តកំពង់ឆ្នាំង ទុកពេលអោយត្រឹមតែ៧ថ្ងៃប៉ុណ្ណោះក្នុងការយកអាចម៍ដីទាំងអស់ចេញពីទន្លេសាបដែលខ្លួនបានចាក់ចូល។ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ មានរយៈពេល៧ថ្ងៃហើយ នៅមិនទាន់ឃើញខាងក្រមហ៊ុនទឹកស្អាត បានដាក់គ្រឿងចក្រចូលកាយដីចេញវិញនៅឡើយ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក អឿ សារឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងស្តីទីបានឱ្យដឹងថា ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងអាជ្ញាធរខេត្តកំពង់ឆ្នាំង នឹងចាត់វិធានការយកគ្រឿងចក្រកាយដីចេញពីទន្លេសាប នៅចំណុចដែលក្រុមហ៊ុនអានកូទឹកស្អាតក្រុងកំពង់ឆ្នាំងបានចាក់ដីចូលដោយខ្លួនឯង ប្រសិនបើខាងក្រុមហ៊ុនមិនបានកាយចេញក្នុងរយៈពេលដែលកំណត់នៅក្នុងកិច្ចប្រជុំថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នោះទេ ហើយការកាយដីចេញពីទន្លេសាបនេះ នឹងត្រូវគិតតម្លៃកាយ និងចំណាយផ្សេងៗពីក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំងទាំងអស់។
ប្រជាពលរដ្ឋក្រុង,ខេត្តកំពង់ឆ្នាំង រង់ចាំមើលចំណាត់ការក្តៅរបស់ក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លសាប និងអាជ្ញាធរខេត្តកំពង់ឆ្នាំង ក្នុងការប្រើកណ្តាប់ដៃដែកកាយដីដែលក្រុមហ៊ុនទឹកស្អាតអានកូបានចាក់ចូល ចេញពីទន្លេសាបវិញ៕