ភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យ បានដឹកនាំប្រជុំបូកសរុបការងារក្រោយពេលបានធ្វើទស្សនកិច្ចសិក្សា ស្វែងយល់ពីដំណើរការ ការងាគ្រប់គ្រង និងដឹកនាំ តាមការិយាល័យ និងផ្នែកជំនាញបច្ចេកទេសនានារបស់មន្ទីរពេទ្យកាល់ម៉ែត ពីមន្ទីរពេទ្យសម្ព័ន្ធមេត្រីភាពរទាំងបី រួមមានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលកិច្ចការដ៏មានគុណតម្លៃនេះក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ របស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងគោលដៅជួយពង្រឹងនិងលើកកម្ពស់ គុណភាពសេវាពិនិត្យព្យាបាល និងថែទាំនៃសេវាសុខាភិបាលគ្រប់កម្រិត។
ក្រោយពីបានទទួលការទស្សនកិច្ចដោយផ្ទាល់នូវផ្នែកសំខាន់ៗរបស់មន្ទីរពេទ្យ រួមមានផ្នែកសង្គ្រោះបន្ទាន់ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសម្ភព ផ្នែកប្រពោធនកម្មទារក ផ្នែកសល្យសាស្រ្ត ផ្នែកមន្ទីរពិសោធន៍ ផ្នែកវិទ្យុសាស្ត្រ ផ្នែកសល្យាគារ ផ្នែកឱសថស្ថាន ផ្នែកប្រពោធនកម្ម ផ្នែកសណ្តំ និងភ្នាក់ពីសណ្តំ ការិយាល័យរដ្ឋបាល និងការិយាល័យគណនេយ្យ រួចមក លោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យ ក៏បានធ្វើបទបង្ហាញស្តីពីស្ថានភាពទូទៅរបស់មន្ទីរពេទ្យ ជូនប្រតិភូនៃមន្ទីរពេទ្យទាំងបីដើម្បីស្វែងយល់បន្ថែម។
សូមបញ្ជាក់ផងដែរថា ដើម្បីជួយលើកកម្ពស់គុណភាពពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ក្រសួងសុខាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការផ្តល់សេវារបស់មន្ទីពេទ្យបង្អែក និងមណ្ឌលសុខភាព តាមបណ្តាខេត្ត ជាពិសេសការអនុញ្ញាតជូនមន្ទីរពេទ្យថ្នាក់ជាតិទាំង១០ធ្វើការចងសម្ព័ន្ធមេត្រីភាពជាមួយនឹងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ដើម្បីជួយពង្រឹងលើការងារគ្រប់គ្រង ការបណ្តុះបណ្តាលធនធានមនុស្ស និងការធ្វើនវានុវត្តន៍លើបច្ចេកទេសវេជ្ជសាស្ត្រថ្មីៗ សំដៅធ្វើយ៉ាងណា ជួយឱ្យដៃគូមន្ទីរពេទ្យសម្ព័ន្ធមេត្រីភាពទទួលបាននូវការបម្រើសេវាសុខាភិបាលជូនអ្នកជំងឺ ឱ្យបានកាន់តែប្រសើរ ប្រសិទ្ធភាព និងទទួលបានការពេញចិត្តពីប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្នុងតំបន់។
នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕
ដោយ ៖ សិលា