សារព័ត៌មាន Reuters បានផ្សាយថា គណបក្សសេរីនិយម ឬ Liberal ដែលជាបក្សកាន់អំណាចនៅក្នុងប្រទេសកាណាដា បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃចន្ទ ទី២៨ ខែមេសា ប៉ុន្តែភ្លាមៗគេមិនទាន់ដឹង ថាតើគណបក្សនេះទទួលបានសន្លឹកឆ្នោតគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលសំឡេងភាគច្រើនបាន ឬក៏យ៉ាងណានោះទេ។
ទូរទស្សន៍កាណាដា CBC និង CTV News បានព្យាករថាគណបក្ស Liberal របស់លោកនាយករដ្ឋមន្ត្រី Mark Carney នឹងបង្កើតរដ្ឋាភិបាលថ្មី ប៉ុន្តែគ្រាន់តែគេមិនទាន់ដឹងច្បាស់ថាតើគណបក្សនេះទទួល បានសន្លឹកឆ្នោតដើម្បីបង្កើតរដ្ឋាភិបាលសំឡេងភាគច្រើន ឬក៏យ៉ាងណាប៉ុណ្ណោះ។ លោក Mark Carney បាន និងកំពុងស្វែងរកអាណត្តិដ៏រឹងមាំមួយ ដែលអាចជួយឱ្យរូបលោកដោះស្រាយជាមួយ គោលនយោបាយពន្ធគយរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ តាម CBC គណបក្ស Liberal កំពុងនាំមុខដោយទទួលបានអាសនៈ១៣៩ ខណៈគណបក្សអភិរក្សនិយមទទួលបានអាសនៈ ១០៧។
ដើម្បីអាចបង្កើតរដ្ឋាភិបាលសំឡេងភាគច្រើន គណបក្ស Liberal របស់លោក Mark Carney ត្រូវការអាសនៈចំនួន ១៧២ ក្នុងចំណោមអាសនៈរដ្ឋសភាសរុប ៣៤៣៕
រូបថត: Reuters